×

បេក្ខនារី ព្រាប ស្រីលក្ខណ៍ ថាការធ្វើម្ហូបគឺជាក្ដីសុខរបស់ខ្លួន ហើយចង់ឈ្នះពាន MasterChef Cambodia ដើម្បីយកដើមទុនបើកមុខរបរមួយដោយខ្លួនឯង

កញ្ញា ព្រាប ស្រីលក្ខណ៍ ដែលមានអាយុ ២៩ ឆ្នាំ គឺជាគ្រូបង្វឹកហាត់ប្រាណ មកពីរាជធានីភ្នំពេញ និងជា Freelancer ផ្នែកឌីហ្សាញ Poster ម្នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

ការធ្វើម្ហូប គឺមានអត្ថន័យបំផុតសម្រាប់ ស្រីលក្ខណ៍ ព្រោះការចម្អិនម្ហូបសម្រាប់មនុស្សជុំវិញខ្លួន ធ្វើឱ្យកញ្ញាមានអារម្មណ៍ថាមានក្ដីសុខ និងរីករាយ ដែលជាកត្តាជំរុញឱ្យ ស្រីលក្ខណ៍ កាន់តែចង់ចម្អិនម្ហូបសម្រាប់អ្នកជុំវិញខ្លួនបន្ថែមទៀត។

ចំពោះការចូលរួមជាមួយកម្មវិធី MasterChef Cambodia ស្រីលក្ខណ៍ បានឱ្យដឹងថា វាមិនត្រឹមតែផ្ដល់នូវក្រេឌីតល្អសម្រាប់កញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានទឹកប្រាក់រង្វាន់ ៥ម៉ឺនដុល្លារអាមេរិក ដែលអាចធ្វើជាដើមទុនសម្រាប់បើកអាជីវកម្មមួយផងដែរ។

ស្រីលក្ខណ៍ បានប្ដេជ្ញាចិត្តដណ្ដើមយកពានរង្វាន់ MasterChef Cambodia ឱ្យបាននៅក្នុងរដូវកាលនេះ។

ដោយឡែក នៅក្នុងការឈានជើងចូលក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ដំបូង ស្រីលក្ខណ៍បានទទួលជោគជ័យនៅលើវិញ្ញាសារបស់គណៈកម្មការទាំង ៣រូប ដែលបានដាក់ជូនបេក្ខជនទាំង ៦០រូបធ្វើការប្រកួតប្រជែងដើម្បីដណ្ដើមអៀមស។

ស្រីលក្ខណ៍ ជាបេក្ខភាព ដែលត្រូវបានគណៈកម្មការឱ្យជាប់នៅវគ្គវិញ្ញាសាបកខ្ទឹមស ហើយនៅក្នុងវគ្គដណ្ដើមអៀមស ចំនួន ៥ លើវិញ្ញាសាពន្លះត្រីឆ្ពង់ ស្រីលក្ខណ៍ធ្វើមិនទាន់បានល្អ ដែលតម្រូវឱ្យកញ្ញា ត្រូវចូលរួមប្រកួតលើវិញ្ញាសាទី៣ គឺការចម្អិនម្ហូបពីគ្រឿងផ្សំគោល ត្រីឆ្ពង់ ។ ទីបំផុត ស្រីលក្ខណ៍ បានក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោម ៥នាក់ ដែលទទួលបានអៀមស ចុងក្រោយ។

ដំណើរផ្សងព្រេងរបស់ ស្រីលក្ខណ៍ នៅក្នុងផ្ទះបាយ MasterChef Cambodia នឹងត្រូវចាប់ផ្ដើម ហើយថាតើកញ្ញានឹងអាចបន្តដំណើរនេះដល់វគ្គណា នឹងត្រូវបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ CTN និង ហ្វេសប៊ុកផេក MasterChef Cambodia ។ កម្មវិធីដ៏អស្ចារ្យនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង