
បេក្ខជន ដេត វណ្ណដូ មានអាយុ ២០ឆ្នាំ មកពីរាជធានីភ្នំពេញ និងមានទីកន្លែងកំណើត នៅខេត្តត្បូងឃ្មុំ បានឈានជើងចូលក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ជាមួយនឹងការបេជ្ដាចិត្តខ្ពស់ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលនេះ។
វណ្ណដូ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ និងមានជំនាញពិសេសមួយគឺសមត្ថភាពនៅក្នុងការច្រៀងចម្រៀងបុរាណ។
វណ្ណដូ ចេះធ្វើម្ហូបតាំងពីអាយុ ១២ឆ្នាំ ពេលរស់នៅជាមួយលោកយាយរបស់ខ្លួន។ សម្រាប់ វណ្ណដូ ការធ្វើម្ហូបគឺជាទំនួលខុសត្រូវមួយសម្រាប់ខ្លួនឯង ហើយវាបញ្ជាក់ថា ខ្លួនជាមនុស្សធំដឹងក្ដី និងស្គាល់ខ្លួនឯងផងដែរ។

នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ កាលពីសប្ដាហ៍ដំបូង វណ្ណដូ គឺជាបេក្ខជនដ៏លេចធ្លោម្នាក់ ដែលបានជាប់នៅក្នុងវិញ្ញាសាបកខ្ទឹមស ដើម្បីឈានទៅប្រកួតវិញ្ញាសាពន្លះត្រីឆ្ពង់ ដែលជាវិញ្ញាសាបន្ទាប់ តែវណ្ណដូ មិនទានដណ្ដើមបានអៀមស បានឡើយ ដោយត្រូវប្រកួតនៅលើវិញ្ញាសាទី៣ គឺការចម្អិនម្ហូបពីត្រីឆ្ពង់ដែលជាគ្រឿងផ្សំគោល។
ម្ហូបឈ្មោះ ត្រីឆ្ពង់បំពង ជាមួយទឹកម្ទេសក្រៀម បានជួយឱ្យវណ្ណដូ ក្លាយជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំង ១០នាក់ដំបូង ដែលទទួលបានអៀម ស ពីគណៈកម្មការ MasterChef Cambodia ផងដែរ។
តើ វណ្ណដូ នឹងជួបជាមួយវិញ្ញាសាអ្វីខ្លះនៅក្នុងផ្ទះបាយ MasterChef នៅវគ្គបន្ទាប់? សូមរង់ចាំទស្សនាកម្មវិធីនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕


