ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមការងារ និងសិល្បករ សិល្បការិនី ជាច្រើន ត្រៀមសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសិល្បករ សិល្បការិនីជាច្រើន បានខិតខំយ៉ាងមមាញឹក មិនគិតពីថ្ងៃឈប់សម្រាក ដើម្បីស្វែងរកព័ត៌មាន និងស្រង់ឈ្មោះសិល្បកររៀមច្បងចាស់ជរា ដើម្បីអញ្ជើញពួកគាត់ចូលរូមកម្មវិធី “អ្នកស្នងមរតក” នាថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ(OCIC)។
កម្មវិធីសំណេះសំណាលនេះ ក្រោមប្រធានបទ “អ្នកស្នងមរតក” ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនីប្រមាណ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។
ជាងនេះទៅទៀត សបញ្ជាក់ពីការចូលរួមថែរក្សា ក៏ដូចជាការពង្រឹងលើការកសាងសមត្ថភាព គុណភាព និងស្នាដៃបង្កើតថ្មីរបស់សិល្បករជំនាន់ក្រោយ ធ្វើយ៉ាងណាឱ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ រួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។
សមាគមសិល្បករខ្មែរ គោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយលោកទាំងពី នឹងផ្ដល់កិត្តិយសយ៉ាងធំធេងដល់សមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បកររៀមច្បងទាំងអស់ ក្នុងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ៕
ដោយ៖ គង់ វណ្ណៈ/CNC