
កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានរកឃើញបេក្ខជន-បេក្ខនារីចំនួន ១៥ នាក់ចុងក្រោយ ដែលក្លាយជាម្ចាស់អាវអៀមសពីគណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy។
បន្ទាប់ពីការប្រកួតចំនួន ៣ វិញ្ញាសាយ៉ាងស្វិតស្វាញ ដែលមានវិញ្ញាសាប្រើជំនាញកាំបិតចិតស្ពៃបូកគោ វិញ្ញាសាដាំបាយជាមួយឆ្នាំងស្ពាន់, ខ្នប់ និងមាន់បុកអង្ក្រងដោយប្រើចង្រ្កានមុំបីខ្មែរ និង វិញ្ញាសាសម្លប្រហើរបុកម្សៅបែបអ្នកស្វាយរៀង កាលពីសប្ដាហ៍ទី២នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ មានតែបេក្ខជនខ្លាំងចំនួន ១៥នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ការឈានជើងទៅកាន់ការប្រកួតនៅក្នុងផ្ទះបាយដ៏ប្រណីតនិងស្រស់ស្អាត នាសប្ដាហ៍បន្ទាប់ ដែលពួកគេនឹងត្រូវចូលរួមជាមួយបេក្ខជនម្ចាស់អៀមស ១០នាក់ផ្សេងទៀត ដែលបានរកឃើញកាលពីសប្ដាហ៍ទី១។
សម្រាប់បេក្ខជនបេក្ខនារីទាំង១៥នាក់ មានមកពីបណ្ដារាជធានីខេត្តផ្សេងគ្នា ក្នុងនោះ រាជធានីភ្នំពេញ ៧ នាក់, ខេត្តសៀមរាប ២ នាក់, ខេត្តបន្ទាយមានជ័យម្នាក់, ខេត្តកំពតម្នាក់, ខេត្តព្រះវិហារម្នាក់, ខេត្តពោធិ៍សាត់ម្នាក់, ខេត្តព្រះសីហនុម្នាក់, និងខេត្តព្រៃវែងម្នាក់។
អ្នកទាំង១៥មានដូចជា៖
លោក នាង ឧត្ដុង អាយុ២៤ឆ្នាំ ជាគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ មកពីរាជធានីភ្នំពេញ,
កញ្ញា ឆៃ តារាម៉ាលីន អាយុ ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងមាតិកា មកពីខេត្តកំពត,
កញ្ញា គឹម ស្រីភក្ត្រ អាយុ២៦ឆ្នាំ ជាគណនេយ្យករមកពីខេត្តបន្ទាយមានជ័យ,
កញ្ញា កង រចនា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ មកពីរាជធានីភ្នំពេញ,
លោក ហួន រតនាសូរ្យពេជ្រ អាយុ ៣២ឆ្នាំ ជាអ្នកប្រឹក្សាយោបល់អនឡាញ មកពីរាជធានីភ្នំពេញ,
និង លោក កាក់ សីលាបញ្ញា អាយុ២៤ឆ្នាំ ជាមន្ត្រីនគរបាល មកពីរាជធានីភ្នំពេញ។

អ្នកទាំង ៦ រូបបានឈ្នះអៀមស នៅក្នុងវិញ្ញាសាប្រកួតជាក្រុម គឺការដាំបាយជាមួយឆ្នាំងស្ពាន់, ខ្នប់ និងមាន់បុកអង្ក្រង ដោយចង្រ្កានមុំបីខ្មែរ។ សម្រាប់អៀមស ៩ ទៀតដែលនៅសល់ បានទៅលើបេក្ខជន-បេក្ខនារី ដូចជា៖
លោក កន រួច អាយុ ២៥ឆ្នាំ ជាគ្រូបង្រៀនថ្នាក់បឋម មកពីខេត្តព្រះវិហារ,
កញ្ញា ប៊ុន លីនណា អាយុ ២២ឆ្នាំ ជាអាជីវករ មកពីរាជធានីភ្នំពេញ,
លោក ចៅ ដាឡែត អាយុ ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងចម្លាក់ មកពីខេត្តពោធិ៍សាត់,
មាស ច័ន្ទឌីណា អាយុ ៣០ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប មកពីខេត្តព្រះសីហនុ,
កញ្ញា ស៊ុយ នីតា អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកទេសចរណ៍ មកពីរាជធានីភ្នំពេញ,
ផល វណ្ណី អាយុ ៣៧ឆ្នាំ ជាឱសថការី មកពីរាជធានីភ្នំពេញ,
តាំង យូជីញ អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ មកពីខេត្តសៀមរាប,
លោក វីល្លៀម អាយុ ២៨ឆ្នាំ ជាប្រធានគ្រប់គ្រងផ្នែកមន្ទីរពិសោធន៍ មកពីខេត្តសៀមរាប,
និង កែវ វង្សច័ន្ទរស្មី អាយុ ៣៣ឆ្នាំ ជាអាជីវករ មកពីខេត្តព្រៃវែង។

អ្នកទាំង៩ បានឈ្នះនៅលើវិញ្ញាសាសម្លប្រហើរបុកម្សៅបែបអ្នកស្វាយរៀង ដែលជាវិញ្ញាសាចុងក្រោយបង្អស់ នៃវគ្គជម្រុះយកតែបេក្ខជនបេក្ខនារី ចំនួន ២៥នាក់ប៉ុណ្ណោះ ក្នុងចំណោម ៦០ នាក់។
គួរបញ្ជាក់ថា បេក្ខជនបេក្ខនារីទាំង២៥នាក់ នឹងត្រូវបង្ហាញសមត្ថភាពនៅក្នុងការចម្អិនម្ហូបក្នុងវិញ្ញាសាប្រកួតកាន់តែលំបាក នៅក្នុងផ្ទះបាយនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅសប្ដាហ៍ក្រោយ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN, ព្រមទាំងហ្វេសប៊ុកផេក និង យូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕