
នៅក្នុងវិញ្ញាសាទីមួយ ក្នុងសប្ដាហ៍ទី ២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages គណៈកម្មការទាំង៣រូប បានតម្រូវឱ្យបេក្ខជន-បេក្ខនារី ទាំង៣២នាក់ ធ្វើការបង្ហាញនូវជំនាញកាំបិតរបស់ពួកគេ ដើម្បីចិតស្ពៃបូកគោឱ្យបានស្អាតតាមការបង្ហាញពី Judge Nara ។
គ្រាន់តែឃើញការបង្ហាញនូវស្ពៃបូកគោភ្លាម បេក្ខជនទាំងអស់ហាក់មានការសប្បាយចិត្ត ព្រោះគិតថាជាវិញ្ញាសាដែលងាយស្រួល ប៉ុន្តែមិនដូចការគិតនោះទេ បេក្ខជនបេក្ខនារី រហូតដល់ទៅ ៧ នាក់ ត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ភ្លាមៗ បន្ទាប់ពីគណៈកម្មការទាំង៣ រួមមាន Judge Nara, Judge Jessica និង Judge Menh Hy បានដើរត្រួតពិនិត្យ សរសៃស្ពៃបូកគោដែលបេក្ខជននីមួយៗបានចិតរួចរាល់។

វិញ្ញាសាចិតស្ពៃបូកគោនេះ មើលទៅហាក់ដូចជាងាយស្រួលដូចវិញ្ញាសាបកខ្ទឹមស កាលពីសប្ដាហ៍ទី១ដែរ ប៉ុន្តែបេក្ខជនជាច្រើន បានទទួលរងនូវបរាជ័យនៅក្នុងការឈានទៅកាន់វគ្គបន្ត។ ជាក់ស្ដែង វិញ្ញាសាបកខ្ទឹមស បានធ្វើឱ្យបេក្ខជនរហូតដល់ទៅ ១៨ នាក់ ត្រូវចាកចេញពីកម្មវិធីភ្លាមៗ កាលពីសប្ដាហ៍ដំបូងនៃកម្មវិធី។
គួររំឭកថា កាលពីសប្ដាហ៍ទី២ ក៏បានរកឃើញបេក្ខជនចំនួន ១៥ នាក់ក្លាយជាម្ចាស់អាវអៀមសចំនួន ១៥ចុងក្រោយផងដែរ។ តើនៅសប្ដាហ៍ក្រោយ ម្ចាស់អាវអៀមសទាំងអស់ នឹងជួបប្រទះនឹងវិញ្ញាសាអ្វីបន្តទៀត?
ដូច្នេះ សូមរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨យប់តទៅ ដើម្បីដឹងថា តើបេក្ខជនទាំងអស់ នឹងជួបជាមួយវិញ្ញាសាងាយស្រួល ឬលំបាកជាងសប្ដាហ៍មុនៗ៕