×

សិលាកែវ និងសមាជិកក្នុងក្រុមពណ៌ស្វាយក្នុងសប្ដាហ៍ទី២នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ត្រូវចាកចេញពីកម្មវិធីដោយសារកំហុស១ដែលមិនគួរឱ្យកើតមាន

កាលពីសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ទស្សនិកជនមានការចាប់អារម្មណ៍លើ បេក្ខនារី កង សិលាកែវ ជាខ្លាំង បន្ទាប់ពីបេក្ខនារីរូបនេះ បង្ហាញពីសមត្ថភាព និងទំនុកចិត្តខ្ពស់ ដើម្បីដណ្ដើមយកអាវអៀមស។

ក្នុងសប្ដាហ៍ទី២ នៃវគ្គជម្រុះរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ សិលាកែវ ដែលមានអាយុ ២៦ឆ្នាំជាអ្នកច្នៃម៉ូតមកពីរាជធានីភ្នំពេញ បានទទួលជោគជ័យនៅក្នុងវិញ្ញាសាប្រកួតចិតស្ពៃបូកគោ បន្ទាប់ពីការត្រួតពិនិត្យរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy ។ បន្ទាប់មក សិលាកែវ ត្រូវបន្តទៅកាន់វិញ្ញាសាទី២ ដែលជាវិញ្ញាសាដ៏តានតឹងមួយក្នុងសប្ដាហ៍ទី២ ដែលតម្រូវឱ្យបេក្ខជនបេក្ខនារីបែងចែកជា៤ក្រុម ដើម្បីប្រកួត ដាំបាយជាមួយឆ្នាំងស្ពាន់ ចម្អិនម្ហូបខ្មែរពីរមុខគឺ ខ្នប់ និងមាន់បុកអង្ក្រង ជាមួយចង្ក្រានមុំ៣។

បេក្ខនារី សិលាកែវ បានស្ថិតនៅក្នុងក្រុមពណ៌ស្វាយ ដើម្បីប្រកួតជាមួយក្រុមពណ៌ខៀវ ក្រុមក្រហម និងក្រុមពណ៌កាប់ស្តាំង ក្នុងថិរវេលា ១ម៉ោងដែលត្រូវបានផ្ដល់ជូនដោយគណៈកម្មការ។ ប៉ុន្តែជាលទ្ធផល ក្រុមស្វាយ និងក្រុមកាប់ស្ដាំង ជាក្រុមដែលធ្វើមិនសូវបានល្អ ហើយក្រុមក្រហមជាក្រុមដែលឈ្នះលើវិញ្ញាសាមួយនេះ។

តាមការវិនិច្ឆ័យរបស់គណៈកម្មការ ក្រុមស្វាយគឺជាក្រុមដែលត្រូវចាកចេញពីកម្មវិធី ដោយសារតែកំហុសមួយ គឺ ដាំបាយនៅឆៅ ទោះបីជារសជាតិម្ហូបខ្នប់ និងមាន់បុកអង្ក្រង មានភាពប្រដំប្រសងជាមួយក្រុមពណ៌កាប់ស្ដាំងក៏ដោយ។

សម្រាប់បេក្ខនារី សិលាកែវ ទោះបីជាមិនអាចដណ្ដើមបានអៀមសក្ដី ក៏នាងបានសន្យាថានឹងវិលត្រឡប់មកកាន់កម្មវិធី MasterChef Cambodia នៅរដូវកាលក្រោយៗទៀតផងដែរ។

គួរបញ្ជាក់ថា កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង