![]()
កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN បានធ្វើការជីកកកាយនូវឧបករណ៍បុរាណខ្មែរចំនួន ២ ប្រភេទ ដើម្បីយកមកបង្ហាញដល់ទស្សនិកជន ពិសេសក្មេងៗជំនាន់ក្រោយឱ្យបានស្គាល់ កាលពីសប្ដាហ៍មុន។
ឧបករណ៍ទាំងពីរប្រភេទ ដែលប្រជាជនខ្មែរប្រើប្រាស់តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នកាលនោះគឺ ឆ្នាំងស្ពាន់ និង ចង្ក្រាន្តមុំបី ត្រូវបានប្រើប្រាស់សម្រាប់ការចម្អិនម្ហូបនៅក្នុងវិញ្ញាសាមួយ កាលពីសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។ ពេលនោះ បេក្ខជនបេក្ខនារី ត្រូវបានបែងចែកជាក្រុម ដែលតម្រូវឱ្យចម្អិនម្ហូប និងដាំបាយ ដោយប្រើប្រាស់ចង្ក្រានមុំបីខ្មែរ និងឆ្នាំងស្ពាន់នេះតែម្ដង។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ មិនត្រឹមតែបង្ហាញនូវឧបករណ៍បុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកស្ទួយម្ហូបខ្មែរផងដែរ។ ជាក់ស្ដែងនៅក្នុងសប្ដាហ៍ទី២កន្លងទៅនេះ កម្មវិធីតម្រូវឱ្យបេក្ខជនបេក្ខនារីចម្អិនម្ហូបខ្មែរ ដូចជា ខ្នប់ មាន់បុកអង្ក្រង និង សម្លប្រហើរបុកម្សៅបែបអ្នកខេត្តស្វាយរៀង នៅក្នុងវិញ្ញាសាដែលដាក់ឱ្យបេក្ខជនប្រកួតគ្នា។
តើម្ហូបខ្មែរ និងឧបករណ៍បុរាណខ្មែរ អ្វីខ្លះទៀត ដែលនឹងត្រូវបង្ហាញនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣? ដូច្នេះកុំភ្លេចរង់ចាំទស្សនាសប្ដាហ៍ទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ តទៅ កុំបីខាន!