![]()
បេក្ខនារី តាំង យូជីញ អាយុ ២៤ ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ មកពីខេត្តសៀមរាប ដែលទទួលបានអៀម ស កាលពីសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅក្នុងការប្រកួតលើវិញ្ញាសាសម្លប្រហើរបុកម្សៅបែបអ្នកខេត្តស្វាយរៀង។
យូជីញ ចេះចម្អិនម្ហូបតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ព្រោះនាងតែងតែនៅក្នុងផ្ទះបាយ ដើម្បីជួយរៀងចំគ្រឿងផ្សំបន្លែត្រីសាច់ និងសង្កេតពីវិធីនៃការចម្អិនម្ហូបរបស់ជីដូនជីតារបស់នាង ដែលបានធ្វើឱ្យនាងចាប់ផ្ដើមមានការស្រឡាញ់លើការចម្អិនខ្លាំង។
យូជីញ បានឱ្យដឹងថា ការចម្អិនគឺជាចំណង់ចំណូលចិត្តមួយដែលអាចធ្វើឱ្យខ្លួនសប្បាយរីករាយបំផុត។ ដូច្នេះនៅពេលទំនេរពីការងារ យូជីញ តែងតែឆ្លៀតពេលវេលាដើម្បីចម្អិនម្ហូបសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ព្រោះវាធ្វើឱ្យនាងសប្បាយចិត្ត។
សម្រាប់មូលហេតុដែលមកដាក់ពាក្យចូលប្រកួតនៅក្នុងកម្មវិធីប្រកួងចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ គឺ យូជីញចង់សាកល្បង និងផ្ដល់ឱកាសឱ្យខ្លួនឯងសម្រាប់បង្ហាញសមត្ថភាពនៅក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ ជាមួយនឹងក្ដីស្រមៃចង់ក្លាយជាម្ចាស់ពានរង្វាន់ MasterChef បន្ទាប់ផងដែរ។

ទម្រាំអាចទទួលបានអៀមសពីគណៈកម្មការរបស់ MasterChef Cambodia រដូវកាលទី៣បាន មិនមែនជារឿងងាយស្រួលទេសម្រាប់ យូជីញ ដោយនាងត្រូវឆ្លងកាត់ការប្រកួតលើវិញ្ញាសាបកខ្ទឹមសដោយកាំបិត ដែលនាងត្រូវមុតដៃជាច្រើនកន្លែង។
នៅក្នុងវិញ្ញាសាចិតស្ពៃបូកគោ យូជីញ បានឆ្លងផុតពីការជម្រុះចេញពីកម្មវិធី ដើម្បីចូលរួមក្នុងវិញ្ញាសាប្រកួតជាក្រុម ដែលក្រុមរបស់នាងធ្វើមិនទាន់បានល្អ តម្រូវឱ្យប្រកួតលើវិញ្ញាសាមួយទៀត គឺ ការស្លសម្លប្រហើរបុកម្សៅបែបអ្នកស្វាយរៀង ដោយនាងជាបេក្ខនារីម្នាក់ដែលទទួលអៀមស ១ ក្នុងចំណោមអៀមស ៣ ចុងក្រោយដែលនៅសល់។ ជាមួយជោគជ័យនេះ យូជីញបង្ហើបថានាងនឹងយកអៀមសទៅជូនម្ដាយរបស់នាង។
យូជីញ នឹងចូលរួមជាមួយបេក្ខជនបេក្ខនារី ២៤ នាក់ផ្សេងទៀត ក្នុងការប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅសប្ដាហ៍នេះ។ តើពួកគេនឹងទទួលបានវិញ្ញាសាអ្វីបន្តទៀត? ដូច្នេះ កុំភ្លេចរង់ចាំទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ!
