×

បេក្ខជនកំពូលគ្មានសំណាងនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ គឺជាប្អូនប្រុសម្នាក់មកពីរាជធានីភ្នំពេញ

នៅក្នុងសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានបេក្ខជនវ័យក្មេងម្នាក់ ដែលគួរឱ្យអាណិតនិងចូលរួមសោកស្ដាយបំផុត បន្ទាប់ពីប្អូនប្រុស មិនត្រឹមតែមិនត្រូវបានគេយកឱ្យចូលក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្លាក់ចេញពីកម្មវិធីព្រោះមិនមានសំណាង។

ប្អូនប្រុស ឈា សុខហេង មានអាយុ ២០ឆ្នាំ គឺជានិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម មកពីរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងវគ្គជម្រុះដណ្ដើមអាវអៀម ស ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣។ បេក្ខជនវ័យក្មេងរូបនេះ បានឆ្លងផុតពីការជម្រុះចេញពីកម្មវិធីក្នុងវិញ្ញាសាបកខ្ទឹមស និងវិញ្ញាសាចិតស្ពៃបូកគោដោយជោគជ័យ ប៉ុន្តែនៅក្នុងវិញ្ញាសាប្រកួតជាក្រុម សុខហេង មិនត្រូវបានប្រធានក្រុមទាំង ៤ ជ្រើសរើសរូបគេឡើយ។

ដូច្នេះ គណៈកម្មការបានសម្រេចឱ្យ សុខហេង ជ្រើសរើសក្រុមមួយដោយខ្លួនឯង រវាង ក្រុមពណ៌ខៀវ ក្រុមក្រហម ក្រុមកាប់ស្ដាំង និងក្រុមពណ៌ស្វាយ។ សុខហេង បានសម្រេចចិត្តចូលក្នុងក្រុមស្វាយ ប៉ុន្តែសំណាងមិនល្អ ក្រុមស្វាយ គឺជាក្រុមដែលត្រូវចាកចេញពីកម្មវិធី។

ទោះជាយ៉ាងនេះក្ដី ក៏ សុខហេង បានបង្ហាញពីភាពរឹងមាំ និងមិនមានការអាក់អន់ស្រពន់ចិត្តអ្វីឡើយ។ នេះគឺជាអ្វីដែលគួរឱ្យកោតសរសើរចំពោះប្អូនប្រុស ដែលជាបេក្ខជនវ័យក្មេងម្នាក់ ដែលមានភាពក្លាហាន និងបង្ហាញពីឆន្ទៈចង់ក្លាយជាម្ចាស់អាវអៀមសមួយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាលថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង