![]()
លោក នាង ឧត្តុង ដែលមានអាយុ ២៤ឆ្នាំ គឺជាគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍នៅគ្លីនិកឯកជនមួយកន្លែង ហើយបច្ចុប្បន្នលោករស់នៅរាជធានីភ្នំពេញ។ ដោយសារមាននិស្ស័យជាមួយការចម្អិនម្ហូបតាំងពីតូច លោកបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
មានដើមកំណើតនៅខេត្តកំពង់ធំ លោក នាង ឧត្តុង បានចាប់ផ្ដើមរៀនពីការចម្អិនម្ហូបតាំងពីលោកសិក្សានៅថ្នាក់ទី៥ ព្រោះឪពុកម្ដាយរបស់លោក មានភាពមមាញឹកខ្លាំង និងបានបង្រៀនឱ្យលោកចេះពីវិធីចម្អិន។ ដូច្នេះ ឧត្តុង គឺជាក្មេងប្រុសម្នាក់ដ៏រឹងមាំដែលមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីតូច។
ឧត្តុង បានឱ្យដឹងថា ការចម្អិនម្ហូបគឺជាការចែករំលែកនៃក្ដីស្រឡាញ់មួយទៅកាន់មនុស្សជុំវិញខ្លួន។ សម្រាប់ការដាក់ពាក្យប្រឡងក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ គឺលោក ចង់វាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនឯងតាមរយៈការប្រកួតប្រជែងជាមួយបេក្ខជនផ្សេងៗទៀតដែលជាអ្នកចម្អិនតាមផ្ទះដូចគ្នា ហើយមួយវិញទៀតដោយសារលោកស្រឡាញ់ការចម្អិន។

ក្នុងការប្រកួតនៅវគ្គដណ្ដើមយកអាវអៀមស MasterChef Cambodia រដូវកាលទី៣ ឧត្តុងគឺជាបេក្ខជនម្នាក់ ដែលបានជាប់នៅលើវិញ្ញាសាបកខ្ទឹមស ប៉ុន្តែដោយសារលោកធ្វើមិនទាន់បានល្អលើវិញ្ញាសា ពន្លះត្រីឆ្ពង់ និងវិញ្ញាសាចម្អិនត្រីឆ្ពង់ដែលជាគ្រឿងផ្សំគោលក្នុងចំណោមបេក្ខជន ៤ នាក់កាលពីសប្ដាហ៍ទី១ ឧត្តុង និងបេក្ខជន ៣នាក់ផ្សេងទៀត ដែលជាប់នៅក្នុងវិញ្ញាសាចិតស្ពៃ ត្រូវបានគណៈកម្មការឱ្យធ្វើជាប្រធានក្រុមនៅក្នុងវិញ្ញាសាដាំបាយដោយឆ្នាំងស្ពាន់ និងចម្អិនខ្នប់ ជាមួយមាន់បុកអង្ក្រងដោយចង្ក្រានមុំបីខ្មែរ នៅក្នុងសប្ដាហ៍ទី២។
លោក ឧត្តុង បានបង្ហាញសមត្ថភាពក្នុងនាមជាប្រធានក្រុមដ៏ល្អ ដែលចេះគ្រប់គ្រងសមាជិកក្នុងក្រុម និងបែងចែកការងារទៅតាមជំនាញរបស់សមាជិកនីមួយៗបានល្អ។ ជាលទ្ធផល ក្រុមរបស់ ឧត្តុង គឺជាក្រុមដែលទទួលបានជ័យជម្នះលើក្រុម ៣ ទៀត ធ្វើឱ្យសមាជិកទាំងអស់ទទួលបានអៀមសពី Judge Nara, Judge Jessica និង Judge Meng Hy ផងដែរ។
លោក ឧត្តុង នឹងចូលរួមប្រកួតនៅក្នុងផ្ទះបាយដ៏ប្រណីតនិងស្រស់ស្អាតរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ខាងមុខនេះ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ។
ដូច្នេះ សូមរង់ចាំតាមដានពីរឿងរ៉ាវ និងឧបសគ្គនានាដែល ឧត្តុង ជួបប្រទះនៅក្នុងផ្ទះបាយ MasterChef Cambodia ទាំងអស់គ្នា!
