![]()
កម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងឈានចូលដល់សប្ដាហ៍ទី៣ នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ខាងមុខនេះ ដែលនឹងមានផ្ទាំងទស្សនីយភាពកាន់តែថ្មីប្លែកខុសពីសប្ដាហ៍ទី១ និងសប្ដាហ៍ទី២កន្លងទៅ។
ពិតមែនហើយ កាលពីពីរសប្ដាហ៍មុន កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានស្វាគមន៍បេក្ខជន-បេក្ខនារីចំនួន ៦០ រូបមកពីបណ្ដារាជធានីខេត្តនានា មកប្រកួតប្រជែងយក អាវអៀមស នៅក្នុងវគ្គជម្រុះដែលមាន ៦ វិញ្ញាសា ដូចជា ការបកខ្ទឹមស ការពន្លះត្រីឆ្ពង់ ការចម្អិនម្ហូបពីត្រីឆ្ពង់ ការចិតស្ពៃបូកគោ ការដាំបាយនិងចម្អិនម្ហូបជាមួយឧបករណ៍បុរាណខ្មែរ និងការស្លសម្លប្រហើរបុកម្សៅបែបអ្នកស្វាយរៀង។
នៅថ្ងៃអាទិត្យសប្ដាហ៍នេះ កម្មវិធីនឹងបន្តផ្ដល់នូវផ្ទាំងទស្សនីយភាពថ្មីប្លែក ការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់បេក្ខជន នៅក្នុងផ្ទះបាយដ៏ប្រណីត ក្នុងនោះដែរ មានរឿង ៣ យ៉ាងដែលអ្នកគួរដឹងមុននឹងទស្សនាសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣៖

១. បេក្ខជន-បេក្ខនារី ចំនួន ២៥ នាក់ បានក្លាយជាម្ចាស់អាវអៀមស ដែលមានសិទ្ធិឈានទៅប្រកួតនៅវគ្គបន្ទាប់ ជាមួយនឹងក្ដីស្រមៃចង់ក្លាយជាម្ចាស់ពានរង្វាន់របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ ក្នុងចំណោមអ្នកទាំង២៥ មានមកពីរាជធានីភ្នំពេញ ១៣ នាក់, ខេត្តសៀមរាប ៣ នាក់, ខេត្តកំពត ២ នាក់, ខេត្តព្រៃវែង ២ នាក់, ខេត្តកំពង់ស្ពឺម្នាក់, ខេត្តបន្ទាយមានជ័យម្នាក់, ខេត្តព្រះវិហារម្នាក់, ខេត្តពោធិ៍សាត់ម្នាក់, និងខេត្តព្រះសីហនុម្នាក់។
២. សមរភូមិក្នុងផ្ទះបាយកម្មវិធី MasterChef Cambodiaមានវិញ្ញាសាកាន់តែលំបាក ជាមួយគ្រឿងផ្សំប្លែកៗ ដែលអាចជាវិញ្ញាសាប្រកួតជាក្រុម ជាគូ ឬ ឯកត្តជន ដែលគណៈកម្មការទាំង៣រូប មាន Judge Nara, Judge Jessica និង Judge Meng Hy នឹងធ្វើការបង្ហាញដល់បេក្ខជន-បេក្ខនារី ក៏ដូចជាទស្សនិកជនឱ្យបានដឹងនៅថ្ងៃអាទិត្យនេះ។
៣. នៅក្នុងសប្ដាហ៍ទី៣ ដែលជាសប្ដាហ៍ដំបូងសម្រាប់ការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ មិនដឹងទេថានឹងអាចមានបេក្ខជន ឬបេក្ខនារីរូបណា ដែលនឹងត្រូវចាកចេញពីកម្មវិធីដែរឬទេ?
មិនខុសពីរដូវកាលមុនៗឡើយ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ម្ចាស់អាវអៀមសទាំងអស់នៃកម្មវិធី សុទ្ធតែអាចប្រឈមនឹងការជម្រុះចេញពីកម្មវិធីដោយមិននឹកស្មានដល់។
ដូច្នេះ មានតែរង់ចាំទស្សនា សប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី៩ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ!