×

តំណាងឱ្យខេត្តពោធិ៍សាត់តែម្នាក់គត់ បេក្ខជន ចៅ ដាឡែត ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្ដើមយកពាន MasterChef Cambodia រដូវកាលទី៣

លោក ចៅ ដាឡែត ជាបេក្ខជនតែម្នាក់គត់ ដែលតំណាងឱ្យខេត្តពោធិ៍សាត់ ហើយក៏ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំង២៥នាក់ ដែលទទួលបានអាវអៀមសពីគណៈកម្មការរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

បេក្ខជន ដាឡែត មានអាយុ ២៩ឆ្នាំ គឺជាអាជីវករលក់គ្រឿងចម្លាក់នៅខេត្តពោធិ៍សាត់។ ដោយសារការស្រឡាញ់ ដាឡែត បានរៀនពីវិធីនៃការចម្អិនពីម្ដាយ និងអ៊ំុស្រីរបស់ខ្លួន តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ។

ទោះបីជាក្រុមការងារ MasterChef Cambodia មិនបានចុះទៅដល់ខេត្តពោធិ៍សាត់អំឡុងពេលទទួលពាក្យក្ដី ក៏ ដាឡែត នៅតែស្វែងរកឱកាសដើម្បីដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះឱ្យបាន។ បំណងប្រាថ្នារបស់ដាឡែតបានក្លាយជាការពិត នៅពេលដែលដាឡែត បានជាប់ជាស្ថាពរ។ ចំពោះមូលហេតុនៃការមកដាក់ពាក្យនៅក្នុងកម្មវិធី MasterChef Cambodia វិញ ដាឡែត បានឱ្យដឹងថា គឺដោយសារការចូលចិត្តចម្អិនម្ហូប និងភ្លក់ម្ហូបដែលប្លែកៗ ពិសេសម្ហូបប៉ែកខាងបស្ចិមប្រទេសតែម្ដង។

ក្នុងនាមជាបេក្ខជនតែម្នាក់គត់មកពីខេត្តពោធិ៍សាត់ លោក ដាឡែត បានប្តេជ្ញាថា នឹងប្រឹងប្រែងដណ្ដើមយកពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ឱ្យបាន។

សម្រាប់ការឈានជើងចូលក្នុងវគ្គជម្រុះដណ្ដើមយកអៀមស នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដាឡែត បានឆ្លងកាត់ចំនួន ៤ វិញ្ញាសា ពោលគឺវិញ្ញាសា បកខ្ទឹមស វិញ្ញាសាចិតស្ពៃបូកគោ វិញ្ញាសាជាក្រុមដោយចម្អិនខ្នប់ ព្រមទាំងមាន់បុកអង្ក្រងដោយប្រើចង្ក្រានមុំបី និងដាំបាយជាមួយឆ្នាំងស្ពាន់ខ្មែរ និងចុងក្រោយវិញ្ញាសា ស្លសម្លប្រហើរបុកម្សៅបែបអ្នកខេត្តស្វាយរៀង ដែលត្រូវបានគណៈកម្មការពេញចិត្ត និងបានផ្ដល់អៀមស MasterChef Cambodia ជូនដល់ ដាឡែត ផងដែរ។

តើបេក្ខជនដែលមិនសូវមាត់ករូបនេះ នឹងមានម្ហូបប្លែកៗអ្វីខ្លះ ដើម្បីបង្ហាញដល់គណៈកម្មការនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣នេះ? អ៊ីចឹងមានតែរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង