![]()
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានបន្តដល់សប្ដាហ៍ទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ ស្របពេលដែលបេក្ខជន កន រួច ដែលមកពីខេត្តព្រះវិហារ គឺជាបេក្ខជនដំបូងគេបង្អស់ដែលត្រូវបានចាកចេញពីផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។

លោក កន រួច ដែលមានវ័យ ២៥ឆ្នាំ បានបង្ហាញការសោកស្ដាយសម្រាប់ការចាញចេញពីកម្មវិធី នៅក្នុងសប្ដាហ៍ដំបូង នៃការប្រកួតប្រជែងនៅក្នុងផ្ទះបាយ MasterChef Cambodia ដែលត្រូវជាសប្ដាហ៍ទី៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ ថា៖ “មានតែពាក្យថាសូមទោសដល់ពុកម៉ែបងប្អូនមិត្តភក្តិនិងអ្នកគាំទ្រទាំងឡាយដែលខ្ញុំធ្វើមិនបាន!”
ទោះបីជាលោកគឺជាបេក្ខជនដែលត្រូវចាកចេញពីកម្មវិធីមុនគេ ក្នុងចំណោមបេក្ខជនទាំង២៥នាក់ក៏ដោយ ក៏គណៈកម្មការទាំង៣រូប បានចូលរួមសោកស្ដាយចំពោះការបាត់បង់ឱកាសមួយនេះរបស់លោក កន រួច និងបានលើកទឹកចិត្តដល់រូបលោក ឱ្យព្យាយាមអភិវឌ្ឍសមត្ថភាពដើម្បីចូលរួមដាក់ពាក្យប្រកួតនៅរដូវកាលក្រោយៗទៀតប្រសិនបើមានឱកាស។
សូមជម្រាបថា លោក កន រួច ដែលជាគ្រូបង្រៀន គឺជាបេក្ខជនមកពីខេត្តព្រះវិហារតែម្នាក់គត់ ដែលទទួលបានអាវអៀមស មួយក្នុងចំណោមអាវអៀមសទាំង ២៥ ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ ទម្រាំមកដល់ចំណុចនេះ លោកគឺជាបេក្ខជនដ៏លេចធ្លោម្នាក់ ក្នុងចំណោមបេក្ខជនរាប់ពាន់នាក់រួចទៅហើយ ព្រោះត្រូវឆ្លងកាត់ដំណាក់កាលតាំងពីការដាក់ពាក្យ រហូតដល់ការប្រកួតវគ្គដណ្ដើមអាវអៀមស ជាច្រើនវិញ្ញាសាកន្លងមក៕
