ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ជាការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងជួយពង្រឹងយុវជនឱ្យមានស្មារតីមិត្តភាពនិងសាមគ្គីភាព ពិសេសអាចជួយឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ។
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា”។ ព្រឹត្តិការណ៍នេះធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឱ្យមានស្មារតីមិត្តភាពនិងសាមគ្គីភាព ហើយកីឡាក៏នឹងជួយឱ្យយុវជនកម្ពុជាមានសុខភាពល្អ កម្លាំងកាយមាំមួន ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ លោកបន្ថែមថា វិស័យកីឡាបាល់ទាត់គឺជាថាមពលខ្លាំងក្លាមួយចំណែកក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ និងការប្រកួតបាល់ទាត់មិត្តភាពនិងសប្បុរសធម៌រវាងក្រុម ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវធ្វើឡើងក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា”។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងដែលជាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញនិងលើកកម្ពស់វិស័យអប់រំកាយ និងកីឡានៅកម្ពុជាឱ្យកាន់តែផុលផុសឈរលើស្មារតី “កីឡារស់ក្នុងសន្តិភាព” និង “កីឡាផ្សារភ្ជាប់ធនធានធម្មជាតិ សហគមន៍ និងទឹកដី”។
លោករដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះក៏ជាការឧទ្ទិសក្តីស្រឡាញ់ដល់កុមារកម្ពុជាគ្រប់រូប និងចូលរួមគាំទ្រដល់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ដែលយុទ្ធនាការនេះត្រូវបានប្រកាសបើកកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាក្នុងភាពជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញនិងលើកកម្ពស់ការអប់រំកាយនិងកីឡានៅកម្ពុជាតាមរយៈសកម្មភាពកីឡានិងការប្រកួតជាច្រើនឱ្យក្លាយជាចលនាកីឡាជាតិដ៏រស់រវើកសម្រាប់យុវជននិងប្រជាជនក្នុងការអនុវត្តខ្លួនឯង លើកកម្ពស់ស្មារតីជាអ្នកកីឡាដែលពោរពេញដោយសមត្ថភាព ភាពអង់អាចក្លាហាន គុណធម៌ វិន័យ សាមគ្គីភាព មិត្តភាព ភាតរភាព សេចក្ដីថ្លៃថ្នូរ សុខុ មាលភាពនិងប្រកបដោយសុខដុមរមនា។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធានគណៈកម្មការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE ថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមន្ត្រីធ្វើការងារពាក់ព័ន្ធនិងព្រឹត្តិការណ៍នេះមួយចំនួនទៀត។ ចំណែកឯលទ្ធផលនៃប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤នេះ ជ័យជម្នះបានទៅលើក្រុមកីឡាករ ស.ស.យ.ក អលស្តារយកឈ្នះក្រុមផ្ការីកគ្រប់រដូវដោយពិន្ទុ៣ទល់នឹង២៕
អត្ថបទ៖ សុភៈនារី/CNC
រូបភាព៖ ផេកក្រសួងអប់រំ