×

វិធីធ្វើម្ហូបរបស់បេក្ខនារី ផល វណ្ណី ដែលជាម្ហូបឈ្នះគេលើវិញ្ញាសាប្រអប់អាថ៌កំបាំងនៅសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia

កាលពីសប្ដាហ៍ទី៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម្ហូបរបស់បេក្ខនារី ផល វណ្ណី ដែលជាឱសថការី មកពីរាជធានីភ្នំពេញ គឺជាម្ហូបដែលទទួលបានជ័យជម្នះលើម្ហូបចំនួន ២៤ ចានផ្សេងទៀត របស់បេក្ខជនបេក្ខនារី ចំនួន ២៤ នាក់។

ម្ហូបរបស់បេក្ខនារីដែលមានវ័យ ៣៧ឆ្នាំរូបនេះ មានឈ្មោះថា មាន់ខ្មៅដុត ជាមួយបន្លែទឹកសៀង, ស្ពៃក្ដោបពណ៌ស្វាយ។ សម្រាប់គ្រឿងផ្សំដែលផ្ដល់ជូនមាន៖ មាន់ខ្មៅ ត្រប់វែង ស្ពៃក្ដោបពណ៌ស្វាយ ខ្ទឹមបារាំងពណ៌ស្វាយ ដំឡូងជ្វា ជីនាងវង ម៉ើមយ៉េន ផ្លែផាសិន ស្លឹកត្រចៀកកណ្ដុរ ផ្សិតខ្មៅ ពងមាន់ពណ៌ខ្មៅ សៀងខ្មៅ និងសូកូឡាពណ៌ខ្មៅ។

សម្រាប់វិធីចម្អិនវិញ ដំបូងបន្លែត្រូវអប់ជាមួយមាន់ រួចប្រឡាក់ទឹកសៀងជាមួយគ្រឿងដុតមាន់, បន្ទាប់មក បន្លែ ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ដែលរលួយ ត្រូវដួសចេញ រួចចញ្ច្រាំវា, ហើយយកខ្លាញ់ចេញពីមាន់ ធ្វើជាមួយផ្លែផាសិន និងសៀង ដើម្បីធ្វើជាទឹកជ្រលក់ សម្រាប់ដាក់ពីលើមាន់។

ម្ហូបមួយចាននេះ បានទទួលការពេញចិត្តយ៉ាងខ្លាំងពីគណៈកម្មការ ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy ដោយបានផ្ដល់សិទ្ធិពិសេសសម្រាប់ វណ្ណី នៅក្នុងវិញ្ញាសាបន្ទាប់ ដែលឱ្យគាត់ឡើងទៅកាន់កន្លែងមានសុវត្ថិភាព ដើម្បីប្រកួតនៅសប្ដាហ៍បន្ទាប់ដោយស្វ័យប្រវត្តិ។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង