ភ្នំពេញ-ប៉ារីស៖ «បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ»ដ៏ធំនៃប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរ បានយាងទៅដល់ប្រទេសបារាំងដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍ឆ្នាំ២០២៥។ នេះបើយោងតាមស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះគឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជា ហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។
កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជាដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩។
គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា «លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដើម្បីចែករំលែកពីបទពិសោធនិងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១.០០០ឆ្នាំមកហើយ និងរៀបចំផ្គុំដំឡើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ»។
បើតាមក្រសួងវប្បធម៌ ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តដល់សម័យក្រោយអង្គរ។
ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាម៉េរិកចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ៕
អត្ថបទ៖ CNC