នៅក្នុងកម្មវិធី MasterChef Cambodia វិញ្ញាសាប្រកួតជាក្រុម តែងតែកើតឡើងជារឿយៗ ដើម្បីសាកល្បងសមត្ថភាពរបស់បេក្ខជននិងបេក្ខនារី ក្នុងការធ្វើការងារជាមួយគ្នា និងបង្ហាញពីជំនាញធ្វើម្ហូបរបស់ពួកគេ ប៉ុន្តែប្រសិនបើមានការខ្វែងគំនិតគ្នាក្នុងប្រការណាមួយ ជម្លោះក្នុងក្រុមនឹងអាចកើតឡើងដែលអាចផ្ដល់ផលអវិជ្ជមានសម្រាប់លទ្ធផលរបស់ក្រុមទាំងមូលផងដែរ។
ក្នុងវិញ្ញាសាជាក្រុមនៅក្នុងកម្មវិធី MasterChef Cambodia បេក្ខជនត្រូវធ្វើការរួមគ្នាដើម្បីរៀបចំផែនការ ដើម្បីចម្អិនម្ហូបរបស់ពួកគេ ការបែងចែកតួនាទីគ្នា និងការទទួលខុសត្រូវ ដើម្បីធានាថា លទ្ធផលចុងក្រោយត្រូវតាមការចង់បានរបស់គណៈកម្មការ។ គណៈកម្មការ នឹងវិនិច្ឆ័យក្រុមទាំងមូល ហើយសម្រាប់ក្រុមដែលចាញ់ អាចប្រឈមមុខនឹងវិញ្ញាសាប្រកួតជម្រុះចេញពីកម្មវិធីក៏អាចថាបាន។
វិញ្ញាសាជាក្រុម ជួយឱ្យបេក្ខជនចេះសាមគ្គីគ្នា ដើម្បីស្វែងរកជ័យជម្នះសម្រាប់ក្រុម។ បេក្ខជនមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក សហការគ្នា និងបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាក្នុងផ្ទះបាយប្រកបដោយវិជ្ជាជីវៈ។ វាគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធី MasterChef Cambodia ដែលមិនត្រឹមតែតេស្តសមត្ថភាពក្នុងការចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកល្បងសមត្ថភាពរបស់បេក្ខជននៅក្នុងការធ្វើការជាក្រុមដើម្បីសម្រេចគោលដៅតែមួយផងដែរ។
បន្ទាប់ប្រកួតក្នុងវិញ្ញាសាចំនួន ២ គឺវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាច្នៃប្រឌិត កាលពីសប្ដាហ៍ទី៣ សម្រាប់នៅក្នុងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages គណៈកម្មការនឹងតម្រូវឱ្យបេក្ខជនដែលនៅសល់ចំនួន ២៤នាក់ បែងចែកជា ៤ក្រុម ដើម្បីប្រកួតគ្នាលើវិញ្ញាសាជាក្រុម។ តើក្រុមនីមួយៗ នឹងជួបប្រទះនឹងឧបសគ្គអ្វីខ្លះ? ដូច្នេះ សូមរង់ចាំទស្សនាសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ៕