×

វ័យក្បែរ ៥០ឆ្នាំហើយ ប៉ុន្តែកុំមើលសម្រស់លោក ហេង ប៊ុនលាភ នៅតែជះភាពសង្ហាមិនចាញ់កាលនៅកម្លោះ

ភ្នំពេញ៖ ភ្លាមៗស្រាប់តែបាត់មុខតារាសម្តែង និងជាតារាចម្រៀងលោក ហេង ប៊ុនលាភ ពីសិល្បៈទាំងស្រុងក្រោយរៀបការរួចអស់មួយរយៈពេលធំដោយធ្វើឱ្យអ្នកគាំទ្រនាំគ្នាឆ្ងល់ជាខ្លាំងដែលខណៈពេលដែលលោកកំពុងមានសន្ទុះទីផ្សារសិល្បៈខ្លាំង។

យ៉ាងណាមិញ ស្រាប់តែស្ងាត់ៗបែរឃើញរូបរាងរបស់លោកប្រែជាស្គមស្គាំង និងប្រែសម្បុរខ្មៅស្រអាប់ខុសរូបភាពដែលគ្រប់គ្នាបានឃើញកន្លងមក។ ជាក់ស្តែង មួយរយៈចុងក្រោយនេះក៏បានលេចវត្តមានលោក ហេង ប៊ុនលាភ សាជាថ្មីដោយឃើញភាគច្រើនជាការសម្តែងរឿងភាគខ្លី និងជាការថតផ្សព្វផ្សាយផលិតផលជាដើម ដែលនេះពិតជាធ្វើឱ្យអ្នកគាំទ្រលោកសប្បាយចិត្តជាខ្លាំងនូវការវិលត្រលប់មកវិញរបស់លោក។

តាមរយៈការសម្ភាសន៍ក្នុងកម្មវិធីល្បីមួយលោក ហេង ប៊ុនលាភ បានឱ្យដឹងថា ការដែលភ្លាមៗលោកបានស្ងប់ស្ងាត់ពីសិល្បៈនោះដោយសារលោកមានជំងឺថ្លើមធ្ងន់ធ្ងរត្រូវព្យាបាល ហេតុដូចនេះហើយលោកក៏បានផ្អាកសិល្បៈមួយរយៈពេលធំដើម្បីព្យាបាលជំងឺ។ ប៉ុន្តែពេលនេះគ្រប់យ៉ាងបានប្រសើរឡើងច្រើន ទើបលោកចាប់ផ្តើមត្រលប់ចូលសិល្បៈវិញដោយទទួលការងារទាំងអស់មិនថាសម្តែង ឬ ច្រៀងឡើយ។

ឃើញសម្រស់នៅស្រស់សង្ហាបែបនេះក៏ពិតមែន ប៉ុន្តែបើនិយាយពីអាយុវិញតារាសម្តែងរូបនេះមានវ័យ ៤៦ឆ្នាំហើយរីឯសម្រស់វិញមិនចាញ់កាលនៅកម្លោះឡើយ។ គួរបញ្ជាក់ដែរថា ទេពកោសល្យសម្តែងរបស់លោក ហេង ប៊ុនលាភ បានឆក់យកបេះដូងអ្នកគាំទ្រទាំងក្មេងទាំងចាស់ឱ្យកោតសរសើរចំពោះលោកជាខ្លាំង ដែលនេះជាហេតុផលធ្វើឱ្យលោកនៅតែមានប្រជាប្រិយភាពបើទោះជាបាត់មុខពីសិល្បៈយូរក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង