×

ការចាកចេញរបស់បេក្ខនារី សុគន្ធា ធ្វើឱ្យបេក្ខជន MasterChef Cambodia សោកស្ដាយយ៉ាងខ្លាំង

បេក្ខនារីដែលមកពីខេត្តកំពត ប៉ែន សុគន្ធា ត្រូវបានចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កាលពីយប់មិញ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន សម្រាប់បេក្ខជនដែលនៅសល់។

បេក្ខនារី សុគន្ធា វ័យ ៤៤ឆ្នាំ បានចាកចេញពីកម្មវិធី ក្នុងសប្ដាហ៍ទី៤ បន្ទាប់ពីធ្វើមិនទាន់បានល្អជាងបេក្ខជន ២ រូបទៀត នៅក្នុងវិញ្ញាសារងសម្ពាធដ៏តានតឹង គឺការចម្អិនម្ហូបពីរមុខ ជាប្រភេទគ្រឿងក្លែម ដោយមានសាច់ទា គឺជាគ្រឿងផ្សំគោល។

ជាលទ្ធផល គណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy បានសម្រេចថា ម្ហូបឆាភ្លៅទាប្រៃផ្អែម ជាមួយម្រេចស្ករត្នោតខ្មែរ និង ម្ហូបទ្រូងទាស្ដេក ជាមួយទឹកជ្រលក់បូដឺណេស មិនទាន់ធ្វើបានល្អនោះទេ។ ដូច្នេះ បេក្ខជន ហួន រតនាសូរ្យពេជ្រ និង ដេត វណ្ណដូ ត្រូវបានអនុញ្ញាតឱ្យបន្តស្ថិតនៅក្នុងផ្ទះបាយ MasterChef Cambodia ជាបន្តទៀត។

ជាមួយនឹងការសោកស្ដាយសម្រាប់ការចាកចេញរបស់បេក្ខនារី សុគន្ធា នេះដែរ លោក នាង ឧត្តុង បានឱ្យដឹងដូច្នេះថា៖ “បងស្រីគឺជាបេក្ខជនមួយដែលមានទឹកដៃល្អ ការចាកចេញពីកម្មវិធីរបស់បងថ្ងៃនេះគឺបន្សល់ទុកនៅអនុស្សាវរីយ៍ជាច្រើន ហើយក៏អរគុណបងស្រីដែលជួយណែនាំប្អូនពីវិធីចម្អិនថ្មីៗកន្លងមក សូមបងស្រីកុំបោះបង់ការស្រលាញ់ការចម្អិន”។

ដូច្នេះ សុគន្ធា មិនត្រូវបានចាត់ទុកជាគូប្រជែងនៅក្នុងផ្ទះបាយ MasterChef Cambodia នោះទេ ប៉ុន្តែគាត់ប្រៀបដូចជាបងស្រីដ៏គួរឱ្យគោរព ជាគ្រូបង្រៀនចម្អិនរបស់បេក្ខជន MasterChef Cambodia និងជាបេក្ខនារីដ៏មានថ្វីដៃល្អម្នាក់ផងដែរ។ មុនការចាកចេញ សុគន្ធា បានជូនពរដល់បេក្ខជនទាំងអស់ទទួលបានជោគជ័យ ហើយគាត់នឹងបន្តការចម្អិន ព្រោះវាជាចំណង់ចំណូលចិត្តរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង