×

ទោះប្រកែកគ្នាខ្លាំង តែកម្ដៅក្នុងផ្ទះបាយ MasterChef Cambodia សម្រាប់ក្រុមក្រហម បានធូរស្រាលទៅជាមួយជោគជ័យមិននឹកស្មានដល់

កម្ដៅនៅក្នុងសមរភូមិផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានផ្ទុះខ្លាំងស្ទើរដល់ចំណុចកំពូល កាលពីសប្ដាហ៍ទី៤ នៅពេលដែលក្រុមអាវអៀមពណ៌ក្រហម បានមានការបែកបាក់ផ្ទៃក្នុង ដោយសារតែការខ្វែងគំនិតគ្នាបន្តិចបន្តួចអំឡុងពេលប្រកួតរវាងមេក្រុម និងសមាជិកក្រុម ប៉ុន្តែលទ្ធផលមិនគួរឱ្យជឿ គឺក្រុមក្រហមជាក្រុមដែលទទួលបានជ័យជម្នះ។

ក្នុងសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia វិញ្ញាសាប្រកួតជាក្រុម ត្រូវបានដាក់ឱ្យបេក្ខជនប្រកួតជាលើកដំបូង នៅក្នុងរដូវកាលទី៣នេះ ក្នុងនោះបេក្ខជនទាំង ២៤នាក់ដែលនៅសល់ ត្រូវបានឱ្យបែងចែកជា ៤ក្រុម តាមការជ្រើសរើសរបស់ប្រធានក្រុមទាំង៤ ដែលមាន លោក សំ សុធារឹទ្ធ ជាប្រធានក្រុមពណ៌ខៀវ លោក បូរី សិលា ប្រធានក្រុមកាប់ស្តាំង លោក ដេត វណ្ណដូ ប្រធានក្រុមស្វាយ និងកញ្ញា បូរ ស្រីនាង ប្រធានក្រុមក្រហម។

អំឡុងពេលប្រកួត ក្រុមក្រហម មានការទាស់ទែងគ្នាខ្លាំងរវាងប្រធានក្រុម ស្រីនាង និងសមាជិក លោកវីល្លៀម ដែលធ្វើឱ្យទស្សនិកជនគិតថាក្រុមនេះប្រហែលជាអាចប្រឈមនឹងការបរាជ័យទៅលើក្រុមដទៃទៀត។ ប៉ុន្តែ លទ្ធផលគឺមិនដូចការរំពឹងទុកនោះទេ ដោយក្រុមក្រហមគឺជាក្រុមដែលធ្វើបានល្អជាងគេ ទៅលើរសជាតិ នៃគុយទាវកាត់រសជាតិដើម និងគុយទាវកាត់ច្នៃប្រឌិតរបស់ពួកគេ។

ទោះជាយ៉ាងណា Judge Meng Hy ក៏បានផ្ដល់ការណែនាំដ៏ល្អដល់ ស្រីនាង និង វីល្លៀម ថា ការធ្វើការជាក្រុមត្រូវព្យាយាមពិភាក្សាគ្នាឱ្យបានល្អ ដើម្បីជៀសវាងការខ្វែងគំនិតពេលប្រកួត។ ប៉ុន្តែ Judge Meng Hy ក៏បានកោតសរសើរចំពោះការច្នៃប្រឌិតបានល្អរបស់ក្រុមក្រហមផងដែរ។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង