![]()
លោក ដេត វណ្ណដូ ដែលជាប្រធានក្រុមពណ៌ស្វាយ នៅក្នុងការប្រកួតវិញ្ញាសាជាក្រុម ក្នុងសប្ដាហ៍ទី៤ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលក្រុមរបស់លោកត្រូវពាក់អាវអៀមខ្មៅ ដោយសារបរាជ័យទៅលើក្រុម ៣ ផ្សេងទៀត។

វណ្ណដូ ដែលមានវ័យ ២០ឆ្នាំ មកពីរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះថា៖ “Team ពណ៌ស្វាយ Team ស្ងាត់ស្ងៀមធ្លាក់ទាំងភាពស្ងប់ស្ងាត់ អ្នកទាំងអស់គ្នាហត់ខ្លាំងហើយ សូមទោសដែលនាំទុក្ខដល់អ្នកទាំងអស់គ្នា តែពួកយើងបានខំប្រឹងអស់ហើយ”។
នេះគឺជាការបង្ហាញពីទំនួលខុសត្រូវរបស់ប្រធានក្រុមដែលធ្វើមិនបានល្អ ដែលធ្វើឱ្យសមាជិកម្នាក់ត្រូវជម្រុះចេញពីកម្មវិធីផងដែរ។
សម្រាប់លទ្ធផលបរាជ័យនៅក្នុងវិញ្ញាសាជាក្រុម បានធ្វើឱ្យសមាជិកទាំង៦ រូបក្នុងក្រុមពណ៌ស្វាយ ត្រូវគណៈកម្មការឱ្យពាក់អាវអៀមខ្មៅ ដើម្បីប្រកួតគ្នាលើវិញ្ញាសាដ៏តានតឹង គឺការហ្វីឡេ ទា តាមការបង្ហាញរបស់ Judge Meng Hy ។ បន្ទាប់ពីផ្ដល់ជូន ១០ នាទី មានតែបេក្ខជន ៣រូបប៉ុណ្ណោះដែលទទួលបានសុវត្ថិភាពដើម្បីឈានទៅវគ្គបន្ត។
ចំណែកបេក្ខជន ៣នាក់ដែលនៅសល់ មាន វណ្ណដូ ខ្លួនឯង ព្រមទាំង លោក ហួន រតនាសូរ្យពេជ្រ និងបេក្ខនារី ប៉ែន សុគន្ធា ដែលត្រូវប្រកួតលើវិញ្ញាសាចុងក្រោយ ដោយការចម្អិនទាជាគ្រឿងផ្សំគោល ហើយសុគន្ធា ត្រូវចាកចេញពីកម្មវិធី។

កម្មវិធី MasterChef Cambodia រដូវកាលទី៣ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕