![]()
កាលពីសប្ដាហ៍ទី៤ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រវាងក្រុមទាំង៤ ដែលបានប្រកួតគ្នាលើវិញ្ញាសាប្រកួតជាក្រុម ជ័យជម្នះគឺបានទៅលើក្រុមពណ៌ក្រហម ប៉ុន្តែក្រុមពណ៌ខៀវគឺជាក្រុមដែលធ្វើបានល្អជាងគេលើចំណុចមួយ ដែលជាស្នូលនៃវិញ្ញាសានេះផងដែរ។
ក្រុមខៀវ គឺជាក្រុមដែលឈ្នះគេ នៅលើការសហការគ្នាបានល្អ ដែលលោក សំ សុធារិទ្ធ ជាប្រធានក្រុមដឹកនាំក្រុមបានល្អ បែងចែកការងារច្បាស់លាស់ និងគ្រប់គ្រងមិនឱ្យសមាជិកក្នុងក្រុមមានការឈ្លោះប្រកែកគ្នាឡើយ ក្នុងការចម្អិនគុយទាវកាត់រសជាតិដើម និងគុយទាវកាត់ច្នៃប្រឌិត។

យ៉ាងណាមិញ ចំណុចមួយនេះគឺមិនទាន់គ្រប់គ្រាន់ឱ្យក្រុមខៀវរបស់ សុធារិទ្ធ អាចដណ្ដើមជ័យជម្នះលើក្រុមពណ៌ក្រហម នៅក្នុងវិញ្ញាសាជាក្រុមនេះបានឡើយ ព្រោះគណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy មិនមែនឱ្យពិន្ទុតែលើការសហការនោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ គឺ រសជាតិ ការរៀបចំតុបតែង និងអនាម័យ ដែលជាស្នូលនៃការវិនិច្ឆ័យរបស់ពួកគាត់ផងដែរ។

ចំណុចទាំងនេះហើយ ដែលក្រុមពណ៌ក្រហមធ្វើបានល្អជាងក្រុមពណ៌ខៀវ ធ្វើឱ្យគណៈកម្មការសម្រេចឱ្យក្រុមដែលដឹកនាំដោយបេក្ខនារី បូរ ស្រីនាង ទទួលបានជ័យជម្នះលើក្រុមរបស់ សុធារិទ្ធ។ ដោយឡែកសម្រាប់ក្រុមកាប់ស្ដាំង ក៏ធ្វើមិនទាន់បានល្អដោយសារបញ្ហាម្សៅ ចំណែកក្រុមស្វាយ មានបញ្ហាលើការតុបតែងម្ហូប។

តាមដានការប្រកួតដ៏ស្វិតស្វាញនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕