![]()
កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងឈានចូលដល់សប្ដាហ៍ទី៥ នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនាខាងមុខនេះ ខណៈសមរភូមិក្នុងផ្ទះបាយដ៏ប្រណីត កាន់តែឡើងកម្ដៅជាងសប្ដាហ៍មុនៗបន្ថែមទៀត។
ក្នុងសប្ដាហ៍ថ្មីនេះ បេក្ខជនទាំង២៣នាក់ ដែលនៅសល់នៅក្នុងផ្ទះបាយ MasterChef Cambodia នឹងត្រូវប្រឈមមុខនឹងវិញ្ញាសាប្រអប់អាថ៌កំបាំងសាជាថ្មី ជាមួយនឹងគ្រឿងផ្សំមិននឹកស្មានដល់ដើម្បីច្នៃប្រឌិតជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងទាក់ទាញសម្រាប់គណៈកម្មការទាំង៣រូប។ បេក្ខជនដែលធ្វើមិនបានល្អនឹងត្រូវប្រឈមនឹងវិញ្ញាសាដ៏តានតឹងបន្ទាប់ ហើយបេក្ខជនម្នាក់នឹងត្រូវចាកចេញកម្មវិធី។
អំឡុងការប្រកួតដ៏មានសម្ពាធ បេក្ខនារី ស្រីលក្ខណ៍ ក៏បានជួបនឹងរឿងមិននឹកស្មានដល់មួយ ដែលធ្វើឱ្យធ្លាក់ឆ្នាំងពីកន្លែងចម្អិនម្ហូបរបស់ខ្លួន។ តើនាងនឹងធ្វើយ៉ាងណាដើម្បីឱ្យមានម្ហូបសម្រាប់ដាក់នៅលើតុឱ្យគណៈកម្មការវិនិច្ឆ័យ? ចម្លើយនឹងត្រូវបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ចាប់ពីម៉ោង ៨ យប់តទៅ។
គិតមកទល់ពេលនេះ មានបេក្ខជនចំនួន ២នាក់រួចមកហើយ ដែលបានចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។ បេក្ខជន កន រួច មកពីខេត្តព្រះវិហារ ត្រូវបានជម្រុះចេញពីកម្មវិធីកាលពីសប្ដាហ៍ទី៣ ស្របពេលដែល បេក្ខនារី ប៉ែន សុគន្ធា មកពីខេត្តកំពត គឺជាអ្នកដែលត្រូវត្រឡប់ទៅផ្ទះវិញ កាលពីសប្ដាហ៍ទី៤៕