
ក្នុងការចាកចេញដ៏គួរឱ្យសោកស្ដាយពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជន ដេត វណ្ណដូ បានផ្ញើសារលាគ្នា ជាមួយនឹងពាក្យសម្ដីដ៏មានន័យដែលបង្ហាញពីការដឹងគុណចំពោះក្រុមការងារ MasterChef ទាំងអស់ និងមេរៀនជីវិតដ៏ល្អ។
ថ្លែងទៅកាន់ទស្សនិកជន និងអ្នកគាំទ្រ វណ្ណដូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រលាញ់ និងការលើកទឹកចិត្តដ៏លើសលប់ដែលខ្លួនទទួលបាននៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។ វណ្ណដូ បានឱ្យដឹងថា៖ “ខ្ញុំអរគុណដល់អ្នកដែលស្រឡាញ់គាំទ្រលើកទឹកចិត្តដល់រូបខ្ញុំរហូតមក។ជាពិសេសក្រុមគ្រួសាររបស់ខ្ញុំ។”
វណ្ណដូ បានចែករំលែកពីបទពិសោធន៍ដ៏ល្អ ដែលខ្លួនទទួលបានក្នុងអំឡុងពេលប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia ។ លោកបានបន្ថែមថា៖ “ខ្ញុំមកកម្មវិធីនេះ គឺខ្ញុំបានឈ្នះគឺឈ្នះចិត្តរបស់ខ្លួនឯង ឈ្នះពាក្យដែលគេថាខ្ញុំមិនចេះធ្វើម្ហូប ឈ្នះពាក្យសម្ដីមើលងាយទាំងប៉ុន្មានមកលើខ្លួនខ្ញុំ។ អ្វីដែលសំខាន់គឺខ្ញុំអាចឈ្នះចិត្តខ្លួនឯងនេះហើយជាភាពជោគជ័យមួយសម្រាប់ខ្ញុំ”។
សាររបស់ វណ្ណដូ ក៏បង្ហាញពីការតស៊ូ និងការជម្នះលើឧបសគ្គដើម្បីក្តីសុបិនរបស់ខ្លួនផងដែរ។ ទោះបីជាមិនអាចបន្តដំណើរទៅមុខបាន ក៏ វណ្ណដូ យល់ដូច្នេះថា៖ “ជាបេក្ខជនម្នាក់ក្នុងចំណោម២៥នាក់ ដែលទទួលបានអៀមស ដោយមានឈ្មោះរបស់ខ្លួនឯង នេះជាមោទកភាពមួយរបស់ខ្ញុំ”។
ការចាកចេញរបស់វណ្ណដូ បានបន្សល់ទុកនូវការសោកស្ដាយមួយ ប៉ុន្តែស្មារតីតស៊ូ ភាពរឹងមាំ និងទឹកចិត្តដ៏ស្មោះស របស់ វណ្ណដូ នឹងបន្តជំរុញលើកទឹកចិត្តដល់បេក្ខជនដែលនៅសល់ទាំង២២នាក់ និងជាមេរៀនជីវិតដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរ៕