×

បេក្ខនារី លីម លីនដា៖ អ្នកជួយសង្គ្រោះបេក្ខជន២រូបក្នុងកម្មវិធី MasterChef Cambodia ក្នុងគ្រាអាសន្ន

សប្ដាហ៍ទី៥ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីការប្រកួតចម្អិនម្ហូបដ៏ខ្លាំងក្លា និងការវិវឌ្ឍដែលមិននឹកស្មានដល់។ សប្ដាហ៍នេះ បានបង្ហាញពីវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី២ ឱ្យបេក្ខជនធ្វើការប្រកួតប្រជែងគ្នា ជាពិសេសអ្នកប្រកួតប្រជែងដ៏លេចធ្លោម្នាក់គឺបេក្ខនារី លីម លីនដា ដែលមានចិត្តសប្បុរស បានជួយសង្រ្គោះបេក្ខជនដែលប្រកួតប្រជែងជាមួយគ្នាពីការជម្រុះពីកម្មវិធី។

ក្នុងសប្ដាហ៍ទី៥ ការប្រកួតប្រអប់អាថ៌កំបាំង ជាលើកទី២ ដែលមានឆ្អឹងជំនីរជ្រូកជាគ្រឿងផ្សំគោលជាលើកដំបូង ក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។ បេក្ខជនទាំង ២៣ នាក់ ត្រូវបានផ្តល់ពេល ៤៥ នាទីដើម្បីបង្កើតមុខម្ហូបដែលធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍។

បេក្ខនារី ស្រីលក្ខណ៍ យូ ជីង, និងបេក្ខជន សូរ្យពេជ្រ គឺជាបេក្ខជនដែលធ្វើបានល្អជាងគេទាំង៣រូបក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង។ ប៉ុន្តែ ពេជ្រ ដែលប្រឈមនឹងការប្រកួតវិញ្ញាសាអៀមខ្មៅកាលពីសប្ដាហ៍ទី៤ ជាអ្នកដែលធ្វើបានល្អជាងគេក្នុងចំណោមអ្នកទាំង៣ ក្នុងសប្ដាហ៍ទី៥ ធ្វើឱ្យគាត់ទទួលបានសិទ្ធិពិសេសក្នុងការជ្រើសរើសគ្រឿងផ្សំគោលពោះគោ និងបានជួយសង្គ្រោះបេក្ខជនម្នាក់ថែមទៀតផង។

ចំណែកក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត បេក្ខនារី ស្រីលក្ខណ៍ បន្ទាប់ពីធ្វើបានល្អនៅវិញ្ញាសាប្រអប់អាថ៌កំបាំង បានធ្វើឱ្យធ្លាក់ឆ្នាំង និងខ្ទះដោយចៃដន្យ ធ្វើឱ្យបាត់បង់គ្រឿងផ្សំសំខាន់ៗដើម្បីចម្អិន។ នៅក្នុងវេលាដ៏ស្លន់ស្លោនេះ បេក្ខនារី លីនដា រួមជាមួយបេក្ខជន វីល្លៀម និង បេក្ខនារី ផល វណ្ណី បានចែករំលែកនូវគ្រឿងផ្សំគោលរបស់ពួកគេឱ្យ ស្រីលក្ខណ៍ ដើម្បីឱ្យស្រីលក្ខណ៍អាចបន្តការប្រកួតបាន។ គួររំឭកថា លីនដា ក៏ធ្លាប់ចែករំលែកគ្រឿងផ្សំរបស់ខ្លួនឱ្យទៅបេក្ខនារី ស្រីនាង ផងដែរកាលពីសប្ដាហ៍ទី៣ ដែលមុខម្ហូបរបស់ស្រីនាង បានជាប់ជាម្ហូបល្អជាងគេទាំង៤។

ដោយសារការខិតខំប្រឹងប្រែង ស្រីលក្ខណ៍ បានជៀសផុតពីការជម្រុះចេញពីកម្មវិធី ហើយបេក្ខជន ដេត វណ្ណដូ ត្រូវចាកចេញ។ ចំណែក បេក្ខនារី យូជីង និង ម៉ាលីន ធ្វើបានល្អជាងបេក្ខជនដទៃទៀត ហើយម៉ាលីន គឺជាអ្នកឈ្នះក្នុងវិញ្ញាសានេះ។

ទោះជាយ៉ាងណា ទឹកចិត្តដ៏ល្អរបស់បេក្ខនារី លីនដា នៅសប្ដាហ៍ទី៥ បានបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមក ដែលកម្រមាននៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់។ អំពើសប្បុរសរបស់ លីនដា នឹងត្រូវចងចាំដោយបេក្ខជននានា។ សកម្មភាពរបស់គាត់ បានបង្ហាញថា ទោះបីជាជ័យជម្នះមានសារសំខាន់ក៏ដោយ តែស្មារតីនៃការសហការ និងអំពើសប្បុរស ក៏មានសារសំខាន់ដូចគ្នា។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង