×

ដំណឹងចែកផ្លូវគ្នារបស់ Baifern និង Nine Naphat កំពុងក្លាយជាប្រធានបទក្តៅគគុកដែលអ្នកគាំទ្រចាំស្តាប់ចម្លើយយ៉ាងអន្ទះសាពីមាត់សមីខ្លួន

ថៃ៖ តារាសម្តែងលំដាប់ជួរមុខ Baifern និង Nine Naphat កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលអ្នកគាំទ្រតាមដានខ្លាំងក្រោយលេចឭព័ត៌មានអ្នកទាំង ២បានចែកផ្លូវគ្នាដែលបញ្ហាកើតឡើងដោយសារម្តាយរបស់ Nine។ ទើបត្រលប់មកពីសាងអនុស្សាវរីយ៍នៅអឺរ៉ុបជាមួយគ្នាយ៉ាងផ្អែមល្ហែមថ្មីៗនេះ បែរត្រលប់មកវិញមិនទាន់បានប៉ុន្មានផងក៏លេចឭដំណឹងមួយនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្រអន្ទះសាចង់ឭចម្លើយចេញពីមាត់សមីខ្លួនទាំង ២។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ព័ត៌មានមួយនេះមិនមែនលេចឭជាលើកដំបូងឡើយ គ្រាន់តែរាល់ដង Baifern បានចេញមុខបដិសេធច្រាលចោលដើម្បីកុំឱ្យអ្នកគាំទ្រមានមន្ទិល។ ដោយឡែក ផ្ទុះព័ត៌មានលើកនេះនៅពេលសារព័ត៌មានសុំសម្ភាសពាក់ព័ន្ធពាក្យចចាមអារ៉ាមដែលនាង និង Nine បានចែកផ្លូវគ្នា បែរជា Baifern បដិសេធសុំមិនផ្តល់បទសម្ភាស និងដើរចេញពីសារព័ត៌មានទៅវិញ។

ចំណុចនេះរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភពីទំនាក់ទំនងរវាងគូស្នេហ៍ថ្មីថ្មោងនេះខ្លាំងឡើងដោយអ្នកគាំទ្រពិតជាមិនចង់អ្នកទាំង ២ឈានដល់ផ្លូវបំបែកឡើយ។ គ្រប់គ្នាបានធ្វើការសន្មតថា រឿងកើតឡើងដោយសារម្តាយរបស់ Nine បានផុសពាក្យមួយថា “ឯកោ” ដែលពេលនេះម្តាយរបស់ Nine កំពុងក្លាយជាមុខសញ្ញាដើមហេតុដែលធ្វើឱ្យទំនាក់ទំនង Baifern និង Nine រង្គោះរង្គើ។

គ្រប់គ្នាបានខ្សឹបខ្សាវថា ម្តាយរបស់ Nine ច្រណែននៅពេលដែលកូនប្រុសខ្លួនមានពេលឱ្យ Baifern ច្រើនរហូតលែងសូវមានពេលសម្រាប់ខ្លួនជាម្តាយដូចមុន មិនត្រឹមតែប៉ុណ្ណោះ កន្លងមកម្តាយរបស់តារាប្រុសរូបនេះក៏បាន Unfollow កូនប្រុស និង Baifern នៅ IG ទៀតផង។

ទោះជាយ៉ាងណា សម្រាប់សិល្បករមួយចំនួនបានអំពាវនាវមហាជនកុំឱ្យវាយតម្លៃដាក់កំហុសទៅលើម្តាយ Nine ពេលនេះទាំងដែលរឿងគ្រប់យ៉ាងនៅមិនទាន់មានការបញ្ជាក់ពីសមីខ្លួននៅឡើយ ព្រោះមិនអាចគ្រាន់តែពាក្យដែលម្តាយរបស់ Nine ផុសដ្រាម៉ាប៉ុណ្ណឹងក៏ចោទគាត់បានឡើយ ដោយសារម្តាយរបស់ Nine ធ្លាប់មានជំងឺបាក់ទឹកចិត្ត និងមានតែកូនប្រុសម្នាក់ប៉ុណ្ណោះក្បែរខ្លួន ដូចនេះនៅពេលដែលកូនប្រុសទៅដើរលេងឆ្ងាយបែបនេះ អារម្មណ៍ឯកោកើតមានវាជារឿងធម្មតាប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង