×

ក្រុមហ៊ុន Cambodian Broadcasting Service (CBS) និងអង្គការផ្កាយសមុទ្រ (ISF) ប្រកាសភាពជាដៃគូ ដើម្បីគាំទ្រក្រុមបាល់ទាត់កុមារ

ភ្នំពេញ៖ ក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងអង្គការផ្កាយសមុទ្រ (Indochina Starfish Foundation) ហៅកាត់ថា ISF គឺជាអង្គការមិនរកប្រាក់ចំណេញដែលលើកកម្ពស់សិទ្ធិកុមារក្រីក្រ នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសអំពីភាពជាដៃគូសម្រាប់រយៈពេល ៣ ឆ្នាំ ។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន CBS នឹងផ្តល់ការគាំទ្រសំខាន់ៗ រួមទាំងផ្សព្វផ្សាយចំពោះ ISF និង Angkor United ជាក្រុមបាល់ទាត់ដែលឧបត្ថម្ភដោយ CBS។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS ចំពោះទំនួលខុសត្រូវសង្គម និងបំណងប្រាថ្នារបស់ខ្លួន ក្នុងការតបស្នងទៅកាន់សហគមន៍នៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាស និងការអប់រំដល់យុវជនក្នុងប្រទេសកម្ពុជា ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន CBS លោក David Ulmer បានមានប្រសាសន៍ថា “នៅ CBS យើងជឿជាក់លើថាមពលនៃកីឡា ដើម្បីនាំឱ្យសហគមន៍មានការរួបរួមគ្នា បង្កើនគុណតម្លៃនៃការធ្វើការងារជាក្រុម និងការតស៊ូ រួមទាំងផ្តល់ឱកាសសម្រាប់ផ្លាស់ប្តូរជីវិត”។ “យើងទទួលបានការបំផុសគំនិតដោយការលះបង់ និងចំណង់ចំណូលចិត្តរបស់ក្រុមការងារ ISF។ នៅពេលយើងរួមគ្នា យើងនឹងអាចបង្កើតឥទ្ធិពលបានយូរអង្វែងលើជីវិតរបស់កុមារ ដោយជួយពួកគេ ឱ្យមាន «ឱកាសក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ពេលអនាគត»។”

ពិធីចុះហត្ថលេខាលើភាពជាដៃគូនេះ បានធ្វើឡើងនៅ CamWood Studios របស់ក្រុមហ៊ុន CBS ដោយរួមបញ្ចូលទាំងប្រសាសន៍លើកឡើងពីលោក David Ulmer និងលោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការ ISF Cambodia ហើយបានបញ្ចប់ជាមួយនឹងដំណើរទស្សនកិច្ចនៅក្នុងបរិវេណនានា ក្នុងស្ថានីយរបស់ CBS រួមទាំងទីតាំងស្ថានីយព័ត៌មាន CNC និងស្ទូឌីយោធំៗ ដែលជាទីកន្លែងនៃការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ផងដែរ ។

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនាជាង ១៥លាននាក់នៅលើកញ្ចក់ទូរទស្សន៍និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។

គួររំឮកថា ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើរ   និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង