×

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើលិខិតរំលែកមរណទុក្ខជូនលោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ

ភ្នំពេញ៖ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បាបផ្ញើលិខិតរំលែកមរណទុក្ខជូនលោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ។


ក្នុងលិខិត លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានសរសេរថា “តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំ ពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្តាយជាទីបំផុតដោយទទួលដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយនឹងក្រុមគ្រួសារនៃសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ មរណភាពរបស់លោក ព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូន ចៅគ្រប់ៗគ្នា។

សម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ មរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គឺជាការបាត់បង់នូវ ធនធានសិល្បករផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ និងឆន្ទៈមនសិកា ដែលបានលះបង់ពេល វេលា កម្លាំងកាយចិត្តពេញមួយជីវិត ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅលើឆាក ជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិ ជានិមិត្តរូបនៃការចងចាំសម្រាប់កូនចៅជំនាន់ ក្រោយ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូម លោកបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។”

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។

ដំណឹងទទួលមរណភាពរបស់លោកថា គឺជាការបាត់បង់ធនធានមនុស្ស ក៏ដូចជាជាមរតកមនុស្សរស់យ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង