![]()
បន្ទាប់ពីការចាកចេញពីផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ក្នុងសប្ដាហ៍ទី៦ បេក្ខនារី មាស ច័ន្ទឌីណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីវិថីដែលខ្លួនឆ្លងកាត់នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។
ឌីណា ដែលជាបេក្ខជនទាំងម្នាក់គត់មកពីខេត្តព្រះសីហនុ បានឱ្យដឹងថា៖ “អរគុណផ្ទះបាយ MasterChef អរគុណអ្នកគាំទ្រទាំងឡាយ អរគុណមិត្តដែលបានស្គាល់ទាំង ២៥ នាក់ អរគុណគ្រប់គ្នាដែលបានស្គាល់អំឡុងពេលប្រកួត បទពិសោធជួបលើកនេះធ្វើឱ្យខ្ញុំមានភាពរឹងមាំជាងមុនមួយកម្រិតទៀត”។

ការបង្ហាញពីអារម្មណ៍របស់ ឌីណា បន្ទាប់ពីការប្រកួតលើវិញ្ញាសារងសម្ពាធដ៏លំបាកមួយ ដែលក្រុមពណ៌ខៀវ ដែលដឹកនាំដោយបេក្ខនារី ឆៃ តារាម៉ាលីន បានប្រឈមនឹងបរាជ័យនៅក្នុងវិញ្ញាសាប្រកួតជាចក្រុម ដោយការបង្កើតមុខម្ហូបខ្មែរដ៏ល្បីល្បាញពីក្នុងសៀវភៅ “សោយ” របស់ Chef Nak ដែលបានឈ្នះពានរង្វាន់សៀវភៅធ្វើម្ហូបដ៏ល្អបំផុតនៅលើពិភពលោក។
ថ្វីបើមានការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក៏ដោយ ក៏ម្ហូបរបស់ឌីណា មិនទាន់អាចយកឈ្នះចិត្តរបស់គណៈកម្មការទាំង៣រូប ដែលមាន Judge Nara Judge Jessica និង Judge Meng Hy បានឡើយ ដែលនាំឱ្យនាងត្រូវចាកចេញពីផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។

គួរបញ្ជាក់ថា ឌីណា គឺជាបេក្ខជនទី៤ហើយ ដែលត្រូវបានជម្រុះចេញពីកម្មវិធីបន្ទាប់ពី កនរួច សុគន្ធា និង វណ្ណដូ។
សប្ដាហ៍ទី៦នេះ មានការភាពតានតឹងយ៉ាងខ្លាំង និងបង្ហាញពីភាពស្និទ្ធស្នាលក្នុងចំណោមបេក្ខជន។ ម៉ាលីន បានបង្ហាញវិប្បដិសារីយ៉ាងខ្លាំងចំពោះតួនាទីជាប្រធានក្រុមរបស់នាង ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលរបស់ក្រុម និងការចាកចេញរបស់ ឌីណា។

ទោះបីជាឌីណាត្រូវចាកចេញក៏ដោយ ក៏សាររបស់ឌីណាបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងការរីកលូតលាស់ផ្ទាល់ខ្លួនដែលបេក្ខជនប្រកួតប្រជែងបានឆ្លងកាត់ក្នុងផ្ទះបាយ MasterChef Cambodia។ ការដឹងគុណរបស់នាង បានឆ្លុះបញ្ចាំងពីការស្រឡាញ់ចំពោះអ្នកគាំទ្រ និងបេក្ខជនដទៃទៀតផងដែរ។
ដំណើរនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅតែបន្ត ជាមួយនឹងការប្រកួតដ៏ជក់ចិត្ត និងពេលវេលាដ៏រំភើប ដែលបេក្ខជននីមួយៗ នឹងត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការចម្អិនម្ហូបពីមួយដំណាក់កាលទៅមួយដំណាក់កាល ដើម្បីក្លាយជាកំពូលចុងភៅឯកបន្ទាប់។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕