×

ម្ហូបខ្មែរ ក្នុងសៀវភៅដែលឈ្នះពានរង្វាន់ពិភពលោករបស់ Chef Nak ត្រូវបានបង្ហាញក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

នៅក្នុងសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បាននាំមកនូវការប្រកួតប្រជែងចម្អិនម្ហូបដ៏ខ្លាំងក្លា ដោយបេក្ខជនចំនួន ១១នាក់ប្រឈមមុខនឹងកិច្ចការដ៏គួរឱ្យភ័យខ្លាច ក្នុងការបង្កើតមុខម្ហូបមួយចេញពីរូបមន្តចម្អិនក្នុងសៀវភៅ “សោយ” ដែលបានឈ្នះពានរង្វាន់ជាសៀវភៅចម្អិនម្ហូបដ៏ល្អបំផុតលើពិភពលោករបស់ Chef Nak គឺ សម្លមរកត ក្នុងវិញ្ញាសារងសម្ពាធដ៏តានតឹង។

សម្រាប់បេក្ខជនស្ទើរតែទាំងអស់ មិនធ្លាប់ចម្អិនសម្លមរកតនេះឡើយ ដូច្នេះអ្នកទាំង១១នាក់ ត្រូវព្យាយាមកត់ចំណាំនូវគ្រឿងផ្សំ និងភ្លក់រសជាតិដែល Chef បានចម្អិនរួច ដើម្បីបង្កើតមុខម្ហូបឱ្យស្រដៀងនឹងរសជាតិដើមដែលបានផ្ដល់ជូន។

នៅក្នុងវិញ្ញាសានេះ បេក្ខជនមានរយៈពេល ៤៥ នាទីដើម្បីចម្អិន សម្លមរកត តាមរូបមន្តក្នុងសៀវភៅរបស់ Chef Nak ដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់លើគ្រឿងផ្សំ និងភាពប៉ិនប្រសប់ក្នុងការចម្អិន។ ដូច្នេះបេក្ខជនមួយចំនួន បានជួបនូវបញ្ហាយ៉ាងខ្លាំងដោយត្រូវធ្វើឱ្យស្រដៀងនឹងម្ហូបដើម ជាមួយនឹងសម្ពាធផ្លូវចិត្ត ព្រោះបេក្ខជនដែលធ្វើមិនបានល្អប្រឈមមុខនឹងការចាកចេញពីកម្មវិធី។

ទីបំផុត បេក្ខនារី មាស ច័ន្ទឌីណា គឺជាបេក្ខជនដែលត្រូវជម្រុះចេញក្នុងវិញ្ញាសារងសម្ពាធជាលើកទី២នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។

សប្ដាហ៍ទី៦នេះ អាចនិយាយបានថា ជាសប្ដាហ៍ដ៏លំបាកដែលត្រូវបានកំណត់ស្តង់ដារយ៉ាងម៉ត់ចត់ដោយរូបមន្តចម្អិនរបស់ Chef Nak ដែលជាកំពូលចុងភៅម្នាក់នៅក្នុងប្រទេស និងក៏ជាអត្តសញ្ញាណរបស់កម្មវិធី MasterChef Cambodia ដែលគ្រប់មុខម្ហូបត្រូវតែបំពេញតាមស្តង់ដារយ៉ាងល្អឥតខ្ចោះ ដើម្បីជៀសវាងពីការចាកចេញពីកម្មវិធី។

បន្ទាប់ពីការចាកចេញនេះ បេក្ខជនដែលនៅសល់ទាំង២១នាក់ នឹងបន្តប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើង។ បេក្ខជននីមួយៗត្រូវកែលម្អនូវចំណុចខ្វះខាតរបស់ពួកគេ ដើម្បីអាចឈរជើងនៅក្នុងផ្ទះបាយ MasterChef Cambodia ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង