×

MasterChef Cambodia រដូវកាលទី៣៖ ឆាកអន្តរជាតិសម្រាប់ឧត្តមភាពនៃម្ហូបខ្មែរ

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ជាវេទិកាសាកលមួយដែលផ្សព្វផ្សាយនូវភាពសម្បូរបែប និងចម្រុះនៃម្ហូបខ្មែរទៅកាន់ពិភពលោក។ ក្នុងរដូវកាលនេះ បេក្ខជនទាំងអស់បានស្វែងយល់ និងចម្អិនពីម្ហូបបែបប្រពៃណីខ្មែរ ដោយរួមបញ្ចូលនូវគំនិតច្នៃប្រឌិត ដើម្បីទាក់ទាញទស្សនិកជនតាមរយៈសិល្បៈនៃការធ្វើម្ហូបរបស់ពួកគេ។

កាលពីសប្ដាហ៍មុនៗ MasterChef Cambodia ដែលជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលមាននៅជាច្រើនប្រទេស បានជីកកកាយនូវឧបករណ៍ខ្មែរបុរាណចំនួន ២ ប្រភេទ ដូចជា ឆ្នាំងស្ពាន់ និង ចង្ក្រានមុំបី ត្រូវបានប្រើប្រាស់សម្រាប់ការចម្អិននូវម្ហូបខ្មែរដ៏ល្បី ដូចជា ខ្នប់ មាន់បុកអង្ក្រង និងសម្លប្រហើរបុកម្សៅបែបអ្នកខេត្តស្វាយរៀង។ ដោយឡែកនៅសប្ដាហ៍ទី៦ថ្មីៗនេះកន្លងទៅ កម្មវិធីក៏បានដាក់ចេញនូវវិញ្ញាសា សម្លមរកត ដែលមាននៅក្នុងសៀវភៅដែលឈ្នះពានរង្វាន់ធ្វើម្ហូបដ៏ល្អបំផុតនៅលើពិភពលោករបស់ Chef Nak ដើម្បីឱ្យកូនខ្មែរបានស្គាល់ផងដែរ។

ក្រោមការណែនាំរបស់គណៈកម្មការជាទីគោរព ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy បេក្ខជននីមួយមិនត្រឹមតែចេះចម្អិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវចំណេះដឹងថ្មីៗពីគ្រឿងផ្សំសំខាន់ៗ និងវិធីធ្វើម្ហូបខ្មែរ ដែលមិនធ្លាប់ស្គាល់ពីមុនមក។ បេក្ខជនបានបង្ហាញពីការរួមបញ្ចូលគ្នានូវការចម្អិនតាមបែបប្រពៃណី និងការច្នៃប្រឌិតរបស់ខ្លួន ដែលបានបង្ហាញពីវប្បធម៌ម្ហូបអាហារដ៏រស់រវើករបស់ខ្មែរ។

MasterChef Cambodia រដូវកាលទី៣ នៅតែបន្តផ្សព្វផ្សាយមុខម្ហូបខ្មែរ នៅសប្ដាហ៍ជាបន្តបន្ទាប់ទៀតរបស់ខ្លួន ដើម្បីលើកស្ទួយវិស័យម្ហូបខ្មែរឱ្យកាន់តែល្បីសុះសាយនៅលើសាកលលោក។ ដូច្នេះ ការ Like, Share និងការទស្សនារបស់ទស្សនិកជននៅកម្ពុជា គឺមានសារសំខាន់បំផុតក្នុងការរួមចំណែកផ្សព្វផ្សាយនូវវិស័យម្ហូបខ្មែរទៅកាន់ឆាកអន្តរជាតិ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង