×

ការដឹកនាំក្រុមដំបូងបំផុត យូជីញទទួលជោគជ័យធំៗ២យ៉ាងក្នុងសប្ដាហ៍ទី៦នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣

ក្នុងសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខនារី យូជីញ បានបន្តបង្ហាញពីភាពលេចធ្លោរបស់ខ្លួនទាំងជាបេក្ខជន ទាំងជាប្រធានក្រុមស្រីវ័យក្មេងដំបូងគេបង្អស់នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef ។

អ្វីដែលជាសមិទ្ធផលធំៗចំនួន២របស់ យូជីញ គឺការដឹកនាំឱ្យមានការផ្សះផ្សារវាងបេក្ខជននិងបេក្ខជន និងការដឹកនាំក្រុមរបស់ខ្លួនឱ្យទទួលបានជ័យជម្នះក្នុងវិញ្ញាសាប្រកួតជាក្រុម ដើម្បីចម្អិនអាហារមួយពេល ដែលមានអាហារសម្រន់ អាហារចម្បង និង បង្អែម សម្រាប់គណៈកម្មការដ៏គួរឱ្យគោរពទាំង ៣ រូប។

ក្នុងនាមជាប្រធានក្រុមស្រីដែលក្មេងជាងគេជាលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលនេះ យូជីញ បានដឹកនាំក្រុមពណ៌ក្រហមក្នុងការដើរទិញគ្រឿងផ្សំនៅផ្សារទំនើបជីបម៉ុង ក្នុងរយៈពេល ២៥ នាទី។ វិញ្ញាសានេះតម្រូវឱ្យបេក្ខជនទាំង ២២ នាក់ចែកចេញជាពីរក្រុម ហើយក្រុមទាំងពីរដែលមានក្រុមខៀវ និងក្រុមក្រហម មានកញ្ចប់ថវិកា ១០០ ដុល្លារស្មើគ្នានៅក្នុងវីសាកាតរបស់ធនាគារជីបម៉ុង។ ភាពជាអ្នកដឹកនាំរបស់ យូជីញ បានលេចឡើង នៅពេលដែលនាងដឹកនាំក្រុម ឱ្យឆ្លងកាត់កិច្ចការដ៏ស្មុគស្មាញដោយគ្មានបញ្ហាក្នុងក្រុម ដោយទទួលបានការសរសើរពីមិត្តរួមក្រុម និងគណៈកម្មការផងដែរ។

ខណៈពេលដែលក្រុមខៀវដែលដឹកនាំដោយបេក្ខនារី ម៉ាលីន មានការខ្វែងគំនិតគ្នាខ្លះនៅផ្ទៃក្នុងរបស់ខ្លួនលើបញ្ហាថវិកា និងការជ្រើសរើសគ្រឿងផ្សំ ក្រុមក្រហមបានធ្វើការក្នុងភាពសុខដុមយ៉ាងល្អ។ ការរៀបចំផែនការយុទ្ធសាស្រ្ត និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពរបស់ យូជីញ គឺជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសមាជិកក្រុមគឺបេក្ខជន វីល្លៀម ដែលធ្លាប់មានការប៉ះពាក្យសម្ដីជាមួយ បេក្ខនារី ស្រីនាង ដែលជាសមាជិករបស់ក្រុមក្រហមក្នុងសប្ដាហ៍ទី៦នេះផងដែរ។

អំឡុងពេល ៥០នាទី នៃការចម្អិន សមាជិកទាំង១១នាក់របស់ក្រុមក្រហម បានបំពេញការងារបានយ៉ាងល្អ មុនពេលដែលម្ហូប ប៉េងប៉ោះប្រាសាតា ស្ដេកត្រីសាលម៉ុន និងបង្អែមគុជរបស់ពួកគេទទួលបានជ័យជម្នះ នៅក្នុងការប្រកួតវិញ្ញាសាជាក្រុមជាលើកទី២ ក្នុងផ្ទះបាយ MasterChef ។

តើនឹងមានរឿងអ្វីទៀតកើតឡើងនៅសប្ដាហ៍ទី៧? កុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៧ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង