×

សម្ពាធជាមេក្រុមលើកដំបូងមិនងាយស្រួលឡើយសម្រាប់ ម៉ាលីន នៅក្នុងផ្ទះបាយ MasterChef Cambodia

នៅសប្ដាហ៍ទី៦របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ម៉ាលីន បានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួនជាលើកដំបូង នៅក្នុងវិញ្ញាសាប្រកួតជាក្រុម។ ទោះបីជាមិនអាចដឹកនាំក្រុមរបស់ខ្លួនឱ្យទទួលបានជោគជ័យ ប៉ុន្តែម៉ាលីនបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាមេក្រុមម្នាក់។

នៅសប្ដាហ៍នេះ បេក្ខជនបេក្ខនារី ត្រូវបានបែងចែកជាពីរក្រុម ដើម្បីដើរទិញគ្រឿងផ្សំនៅផ្សារទំនើបជីបម៉ុង ជាមួយនឹងថវិកា ១០០ដុល្លារអាមេរិក។ ក្រុមរបស់ ម៉ាលីន ត្រូវបានប្រឈមមុខនឹងការគ្រប់គ្រងការចំណាយ និងការខ្វែងគំនិតគ្នាលើការជ្រើសរើសគ្រឿងផ្សំ។ ដើម្បីរក្សានូវតុល្យភាព ម៉ាលីនត្រូវធ្វើការសម្រេចចិត្តក្នុងការកាត់ចោលរបស់ដែលមិនចាំបាច់ ដែលបង្កឱ្យមានការថ្នាំងថ្នាក់ក្នុងចំណោមសមាជិកក្រុម ជាពិសេសជាមួយ ពេជ្រ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ម៉ាលីនបានព្យាយាមដឹកនាំក្រុមឱ្យឆ្លងកាត់ដំណាក់កាលចម្អិនអាហារជាបន្តបន្ទាប់ ដែលពួកគេមានពេល ៥០ នាទីដើម្បីចម្អិនអាហារសម្រន់ អាហារចម្បង និង បង្អែម។

ប៉ុន្តែការប្រកួតវិញ្ញាសាជាក្រុមនេះ ម៉ាលីននិងសមាជិក ១០នាក់ផ្សេងទៀតបានទទួលបរាជ័យ ហើយត្រូវប្រឈមនឹងវិញ្ញាសារងសម្ពាធដ៏តានតឹង ដែលក្រុមរបស់ម៉ាលីន ត្រូវបង្កើតម្ហូបខ្មែរដ៏ស្មុគស្មាញរបស់ Chef Nak គឺ សម្លមរកត ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ។ ចំពោះទឹកដៃម៉ាលីន បានធ្លាក់ចុះយ៉ាងខ្លាំងនៅសប្ដាហ៍នេះ ដោយសារសម្លរមរតក របស់ម៉ាលីន ស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយទាំង ២ ជាមួយនឹងសម្លរមរកតរបស់ ឌីណា ដែលត្រូវជម្រុះចេញពីកម្មវិធី។

ម៉ាលីនដែលជាបេក្ខជនធ្វើបានល្អបំផុតក្នុងវិញ្ញាសាច្នៃប្រឌិតកាលពីសប្ដាហ៍ទី៥ បានទទួលស្គាល់ថាសម្រាប់ការចាកចេញរបស់ឌីណា បណ្ដាលមកពីខ្លួន ដែលដឹកនាំមិនបានល្អ និងមិនបន្ទោសទៅលើសមាជិកណាម្នាក់ឡើយ ដែលទង្វើនេះបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំម្នាក់។

សូមរង់ចាំតាមដានរឿងរ៉ាវជាបន្តបន្ទាប់របស់ ម៉ាលីន នៅក្នុងផ្ទះបាយ MasterChef Cambodia នៅលើទំព័រ Facebook, TikTok, Instagram និង Youtube របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។ កម្មវិធីនេះ មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុក និងយូធូប MasterChef Cambodia ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង