×

វត្ថុបុរាណខ្មែរ ដែលជាព្រលឹងដូនតា ចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរអាម៉េរិក មកសារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញកាលពីខែធ្នូ ឆ្នាំ២០២៣។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។

ក្រសួងវប្បធម៌​ បានឱ្យដឹងថា វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១ អ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបានបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា អាចផ្គុំជាមួយគ្នាឡើងវិញចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈនាអំឡុងចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀតនោះ គឺព្រះកេសព្រះលោកេសូរធ្វើពីសំរឹទ្ធ នៅអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើងវិញជាមួយនឹងដងខ្លួនដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបា នគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ​បានចាត់ទុក ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត ដែលមិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានត ម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ​៕

អត្ថបទ៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង