×

បេក្ខជន MasterChef Cambodia ៤រូបបានពាក់អាវអៀមខ្មៅច្រើនដងជាងគេ ហើយនៅតែរួចផុតពីការជម្រុះចេញ នៅត្រឹមសប្ដាហ៍ទី៦

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានរកឃើញបេក្ខជនបេក្ខនារីចំនួន ៤ រូប ដែលជាបេក្ខជនដែលពាក់អាវអៀមខ្មៅច្រើនដងជាងគេ ពោលគឺ ម៉ាលីន រចនា លីនណា និង ពេជ្រ ដែលពួកគេបានពាក់អៀមខ្មៅជាលើកទីពីរ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី។

ទោះបីជាអ្នកទាំងបួន ប្រឈមនឹងវិញ្ញាសាដ៏មានសម្ពាធយ៉ាងខ្លាំងក៏ដោយ ក៏ ម៉ាលីន រចនា លីនណា និងពេជ្រ បានឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ នៅក្នុងការចម្អិនសម្លមរកត ពីរូបមន្តនៅក្នុងសៀវភៅ “សោយ” ដែលជាសៀវភៅម្ហូបខ្មែរដ៏ល្បីល្បាញ នៅក្នុងសប្ដាហ៍ទី៦ ដើម្បីដោះអាវអៀមខ្មៅចេញវិញ និងឡើងទៅកន្លែងដែលមានសុវត្ថិភាព។

គួររំឭកថា កាលពីសប្ដាហ៍ទី៤ អ្នកទាំងបួន ធ្លាប់ពាក់អៀមខ្មៅជាលើកដំបូង នៅក្នុងការប្រកួតវិញ្ញាសាពន្លះទាតាមការបង្ហាញរបស់ Judge Meng Hy ដោយប្រើពេល១០នាទី។ ពេលនោះ ម៉ាលីន រចនា និងលីនណា បានទទួលជោគជ័យក្នុងការពន្លះទាបានល្អជាងគេ ចំណែក ពេជ្រ ព្រមទាំងវណ្ណដូ និងសុគន្ធា ដែលបានចាកចេញពីកម្មវិធីរួចទៅហើយនោះ ត្រូវប្រកួតលើវិញ្ញាសាសម្ពាធមួយទៀតទម្រាំមានសុវត្ថិភាពវិញ គឺការចម្អិនម្ហូបមួយចានដែលមានគ្រឿងផ្សំគោលពីសាច់ទា។

តើនៅក្នុងសប្ដាហ៍ទី៧ ខាងមុខនេះ នឹងមានបេក្ខជនរូបណាទៀតដែលនឹងត្រូវប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅដ៏តានតឹងនេះ? ដូច្នេះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី៧ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង