![]()
ដំណើរផ្សងព្រេងរបស់បេក្ខនារី បូរ ស្រីនាង នៅក្នុងផ្ទះបាយដ៏ប្រណីតនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែតត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានឈានទៅដល់ការចាកចេញពីកម្មវិធី បន្ទាប់ពីជួបនូវរឿងរ៉ាវជាច្រើននៅក្នុងសប្ដាហ៍កន្លងៗមក។
ក្រោយពីបានឆក់យកបេះដូងរបស់ទស្សនិកជន និងគណៈកម្មការទាំងបីរូប ជាមួយនឹងបុគ្គលិកលក្ខណៈដ៏គួរឱ្យចូលចិត្ត និងពាក្យដ៏ពេញនិយម ដូចជា “You are my lucky man” “Please believe in me” និង “Yes perfect” ស្រីនាងមិនអាចស្ថិតនៅក្នុងផ្ទះបាយ MasterChef Cambodia ដើម្បីបង្កភាពសប្បាយរីករាយដល់ទស្សនិកជនបានទៀតឡើយ។

បេក្ខនារីដែលមកពីខេត្តសៀមរាបរូបនេះ បានបង្ហាញពីជំនាញចម្អិនដ៏ប៉ិនប្រសប់តាំងពីវគ្គដំបូង ដោយទទួលបានតំណែង Top 4 អំឡុងពេលប្រកួតលើវិញ្ញាសាម្ហូបច្នៃប្រឌិតកាលពីសប្ដាហ៍ទី៣ និងដឹកនាំក្រុមរបស់នាងឱ្យទទួលជ័យជម្នះក្នុងការប្រកួតជាក្រុម កាលពីសប្ដាហ៍ទី៤។
ទោះយ៉ាងណា សប្ដាហ៍ទី៧ គឺជាចំណុចរបត់មួយ។ ទោះបីជា ស្រីនាងទទួលបានជោគជ័យពីមុនក៏ដោយ ក៏ស្រីនាងប្រឈមមុខនឹងបញ្ហា ទាំងលើវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាម្ហូបច្នៃប្រឌិតដែលទទួលបានគ្រឿងសមុទ្រជាគ្រឿងផ្សំគោល។ មុខម្ហូបរបស់ស្រីនាង ឈ្មោះ “ក្ដាមផ្លោះជញ្ជាំង” មិនបានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ទេ ប៉ុន្តែបានទទួលការរិះគន់ខ្លាំងៗចំពោះបញ្ហារសជាតិ ការរៀបចំ និងភាពច្នៃប្រឌិត។ បញ្ហាទាំងនេះ បង្កឡើងដោយសារការគ្រប់គ្រងពេលវេលាមិនបានល្អ ដែលនាំឱ្យស្រីនាងត្រូវចាកចេញពីកម្មវិធី។
នៅសប្ដាហ៍បន្ទាប់ បេក្ខជនដែលនៅសេសសល់ នឹងបន្តជួបជាមួយនឹងឧបសគ្គកាន់តែខ្លាំងឡើង។ ការធ្វេសប្រហែសណាមួយ អាចធ្វើពួកគេលែងបានឈរចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដូចជាស្រីនាង ក៏អាចថាបាន។

MasterChef Cambodia មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕