![]()
នៅក្នុងសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជន វីល្លៀម និង សំអន បានដណ្តើមបានជ័យជម្នះលើកដំបូងរបស់ពួកគេ នៅលើវិញ្ញាសាប្រអប់អាថ៌កំបាំង ក៏ដូចជាការឈ្នះលើកដំបូងរបស់ពួកគេ នៅលើវិញ្ញាសាមួយនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef ផងដែរ។ សប្ដាហ៍នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ចុងភៅតាមផ្ទះទាំងពីររូប ដែលបានបង្ហាញពីការលូតលាស់នូវជំនាញធ្វើម្ហូបរបស់ពួកគេជាបន្តបន្ទាប់។
ការប្រកួតប្រជែងលើវិញ្ញាសាប្រអប់អាថ៌កំបាំងនេះ តម្រូវឱ្យបេក្ខជនទាំង ២១ នាក់ដែលនៅសល់ បង្កើតមុខម្ហូបដោយប្រើសាច់ជ្រូកបីជាន់ និងសាច់មាន់ជាគ្រឿងផ្សំគោល ក្នុងរយៈពេល ៤០ នាទី។ ការប្រកួតប្រជែងមានភាពស្វិតស្វាញ ប៉ុន្តែ វីល្លៀម សំអម និងដាឡែត បានចម្អិនមុខម្ហូបរៀងខ្លួន ដែលមានគំនិតច្នៃប្រឌិត និងរសជាតិ។
ម្ហូបរបស់វីលៀម ដែលមានឈ្មោះថា ខភ្លៅមាន់ និងសាច់ជ្រូកបីជាន់ ហើយនិងម្ហូបរបស់ សំអន ដែលមានឈ្មោះថា សាច់ជ្រូកចិញ្ច្រាំញាត់ក្នុងសាច់មាន់ បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជ័យជម្នះនេះពិតជាល្អ សម្រាប់បេក្ខជនទាំងពីរ ព្រោះវាជាការឈ្នះជាលើកដំបូងក្នុងរដូវកាលនេះ។ វីលៀម បានបង្ហាញឱ្យឃើញពីការរីកចម្រើន និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យ។ ចំណែក សំអន ទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់វិញ្ញាសាម្ហូបច្នៃប្រឌិត ដែលជាវិញ្ញាសាបន្ទាប់។

ដាឡែត ក៏ធ្វើបានល្អនៅលើវិញ្ញាសាមួយនេះផងដែរ ដោយបង្ហាញមុខម្ហូបមួយមុខ ដែលមានឈ្មោះថា សាច់ជ្រូករុំសាច់មាន់ខបែបស្ងួត។ យ៉ាងណា ដាឡែត ធ្លាប់ឈ្នះជាលក្ខណៈឯកត្តជននេះរួចមកហើយកាលពីសប្ដាហ៍ទី៣។

ជោគជ័យ សម្រាប់ វីល្លៀម និង សំអន គឺជាកញ្ចក់ឆ្លុងបញ្ចាំងឱ្យឃើញពីការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់បេក្ខជនម្នាក់ៗ ដែលទទួលបាននៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។
MasterChef Cambodia មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕