×

ម្ហូបឆៅ៖ ដាឡែត កែកំហុសរួចប្រព្រឹត្តកំហុសដដែល ក្នុងសប្ដាហ៍ទី៧នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣

សប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីការកែប្រែកំហុសរបស់ ដាឡែត ដែលបានឈ្នះក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ជាមួយនឹងមុខម្ហូបឈ្មោះ សាច់ជ្រូករុំសាច់មាន់ខបែបស្ងួត។

សម្រាប់ជ័យជម្នះនេះ ដាឡែត បានសារភាពពីកំហុសពីមុនរបស់ខ្លួន ដែលចម្អិនសាច់ជ្រូកនៅឆៅ កាលពីសប្ដាហ៍ទី៥ នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងដូចគ្នា។ យ៉ាងណាមិញ មិនទាន់បានយូរប៉ុន្មានផង ដាឡែតបានបង្កកំហុសដដែល អំឡុងពេលប្រកួតវិញ្ញាសាម្ហូបច្នៃប្រឌិតដែលទទួលបានមឹកហ៊ួយសាយជាគ្រឿងផ្សំគោល ខណៈដាឡែត បានចម្អិន មឹកចំហ៊ុយញាត់គ្រឿងឆាទឹកស៊ីអ៊ីវ ប៉ុន្តែគ្រឿងផ្សំត្រាវ និងមីសួរក្នុងម្ហូបមួយចាននេះមិនទាន់ឆ្អិននោះទេ។

លទ្ធផលនេះ បានធ្វើឱ្យ Judges ទាំង៣រូប ពុំសប្បាយចិត្តចំពោះម្ហូបរបស់បេក្ខជនមកពីខេត្តពោធិ៍សាត់រូបនេះឡើយ។ ចំណែក ដាឡែត បានទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តកំហុសដដែលជាលើកទី២ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣។

ទោះជាយ៉ាងណា ដាឡែត បានជៀសផុតពីការចាកចេញពីកម្មវិធី បន្ទាប់ពីម្ហូបទីមួយរបស់ខ្លួន នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងធ្វើបានល្អដែលនាំឱ្យ Judges មានការពេញចិត្តយ៉ាងខ្លាំង។

ការលើកលែងមិនមែនចេះតែមាននោះទេ ប្រសិនបើ ដាឡែត នៅតែបន្តបង្កកំហុសដដែលៗ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។ តើ ដាឡែត នឹងអាចលុបបំបាត់កំហុសមួយនេះបានដែរឬទេ?

តាមដានរឿងរ៉ាវរបស់ដាឡែត នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង