កាលពីសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages គឺជាពេលវេលាដ៏សំខាន់សម្រាប់បេក្ខនារី នីតា ដែលទទួលបានជ័យជម្នះជាលើកដំបូងរបស់នាង នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលតម្រូវឱ្យបេក្ខជនទាំងអស់ចម្អិនមុខម្ហូប ដោយប្រើប្រាស់គ្រឿងសមុទ្រដូចជាមឹកហ៊ុយសាយ ក្តាមថ្ម និងត្រីសាបាក់ ក្នុងរយៈពេល ៤៥ នាទីនោះ។
មុខម្ហូបដ៏អស្ចារ្យរបស់នីតា គឺត្រីសាបាក់បែបស្រុកស្រែ ជាម្ហូបមួយក្នុងចំណោមម្ហូប២ចាន ដែលទទួលបានជ័យជម្នះក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី៣ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលនេះ។ ភាពជោគជ័យនីតា ដែលជាបេក្ខជនវ័យក្មេងជាង នៅក្នុងផ្ទះបាយ MasterChef មានវ័យ ២០ឆ្នាំ គឺជាជ័យជម្នះលើកដំបូងរបស់នាង ក្នុងការប្រកួតលក្ខណៈជាឯកត្តជន។
ទន្ទឹមនឹងនីតា វីល្លៀមក៏បានបញ្ចេញស្នាដៃដ៏ល្អ នៅក្នុងវិញ្ញាសាច្នៃប្រឌិត ដោយម្ហូបត្រីសាបាក់ឆាជូអែម របស់គាត់ត្រូវបានប្រកាសថាជាម្ហូបល្អបំផុតនៃការប្រកួត។ ទោះជាយ៉ាងណា នីតា ដែលជានិស្សិតផ្នែកទេសចរណ៍មកពីរាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍ និងការសរសើរយ៉ាងច្រើនពីការរីកចម្រើន និងសក្តានុពលរបស់នាងនៅក្នុងផ្ទះបាយ MasterChef ។
សប្ដាហ៍ទី៧កន្លងទៅនេះ បានបញ្ចប់ជាមួយនឹងឈុតខ្លីសម្រាប់ការប្រកួតជាក្រុមនៅសប្ដាហ៍បន្ទាប់ ដែលនឹងធ្វើឡើងនៅខាងក្រៅផ្ទះបាយ MasterChef Cambodia ដែលជាការតេស្តសមត្ថភាពរបស់អ្នកឈ្នះកាលពីសប្ដាហ៍មុនក្នុងការដឹកនាំក្រុម។
MasterChef Cambodia មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕