×

សំអន បញ្ចេញស្នាដៃយកឈ្នះប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី៧នៃកម្មវិធី MasterChef Cambodia

សំអន បានក្លាយជាបេក្ខជនទី៣ (បន្ទាប់ពី វណ្ណី និង ពេជ្រ) ដែលទទួលបានអត្ថប្រយោជន៍ពិសេសនៅក្នុងផ្ទះបាយ MasterChef Cambodia ក្រោយបានឈ្នះការប្រកួតប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

ក្នុងរយៈពេល ៤០នាទី បេក្ខជនដែលជាគ្រូបង្រៀនមត្តេយ្យមកពីរាជធានីភ្នំពេញរូបនេះ បានបង្ហាញពីជំនាញធ្វើម្ហូបដែលមិនធ្លាប់បញ្ចេញនៅក្នុងផ្ទះបាយ MasterChef ពីមុនមក ធ្វើឱ្យមានការចាប់អារម្មណ៍ពីគណៈកម្មការ ពិសេសមុខម្ហូបរបស់គាត់គឺ សាច់ជ្រូកចិញ្ច្រាំញាត់ក្នុងសាច់មាន់ ដែលជាប់ជាម្ហូបល្អជាងគេ។

មុខម្ហូបរបស់សំអន មិនត្រឹមតែឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពិសេសចំនួន ៣ សម្រាប់វិញ្ញាសាបន្ទាប់ រួមមាន អំណាចក្នុងការជ្រើសរើសគ្រឿងផ្សំគោលៗសម្រាប់បេក្ខជនគ្រប់រូបក្នុងការប្រកួតបន្ទាប់ មានសុវត្ថិភាពពីការជម្រុះចេញពីកម្មវិធី និងអាចជួយសង្គ្រោះបេក្ខជនម្នាក់មិនចាំបាច់ប្រកួតនៅវិញ្ញាសាបន្ទាប់ ពោលគឺ ម៉ាលីន។

បន្ថែមពីលើភាពជោគជ័យរបស់ សំអន ក៏មាន ដាឡែត និង វីល្លៀម ដែលបានល្អផងដែរ ដោយទទួលបានតំណែងជាអ្នកឈ្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំងជាលើកទី៣ ក្នុងកម្មវិធី MasterChef Cambodia ។

តើបេក្ខជនដែលនិយាយរដឺនគួរឱ្យចង់ស្ដាប់រូបនេះ នៅមានអ្វីប្លែកដើម្បីចែកជូនទស្សនិកជនរបស់ CTN និងបង្កភាពភ្ញាក់ផ្អើលដល់គណៈកម្មការទាំង៣រូប ដែលមាន Judge Nara Judge Jessica និង Judge Meng Hy? តាមដានរឿងរ៉ាវក្នុងផ្ទះបាយ MasterChef របស់ សំអន នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេស៊បុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង