×

ទោះមើលមិនសូវច្បាស់ក្រោយបាត់វ៉ែនតា តែ វីល្លៀមបានឈ្នះទាំងពីរវិញ្ញាសាក្នុងសប្ដាហ៍ទី៧ MasterChef Cambodia

ជាមួយការតាំងចិត្តខ្ពស់ វីល្លៀម បានយកឈ្នះលើឧបសគ្គដ៏លំបាក បន្ទាប់ពីបាត់វ៉ែនតា ធ្វើឱ្យមើលមិនសូវច្បាស់ក្នុងពេលប្រកួត ប៉ុន្តែនៅតែធ្វើឱ្យខ្លួនឯងក្លាយជាបេក្ខជនម្នាក់គត់ ដែលឈ្នះទាំង២វិញ្ញាសា ក្នុងសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

បេក្ខជនដែលមកពីរាជធានីភ្នំពេញ មានវ័យ ៣៨ឆ្នាំ បានតស៊ូឈរចម្អិនម្ហូបទាំងដែលគ្មានវ៉ែនតាពាក់ ដែលខ្លួនមិនធ្លាប់ជួបកន្លងមក អំឡុងការប្រកួតវិញ្ញាសាប្រអប់អាថ៌កំបាំង និងវិញ្ញាសាម្ហូបច្នៃប្រឌិតលើកទី៣ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ។

ក្នុងអំឡុងពេលការប្រកួតប្រអប់អាថ៌កំបាំងដែលតម្រូវឱ្យបេក្ខជនចម្អិនម្ហូប ដោយគ្រឿងផ្សំគោលសាច់ជ្រូកបីជាន់ និងសាច់មាន់ ក្នុងរយៈពេល ៤០នាទី វីល្លៀម បានឈ្នះជា Top 3 ជាមួយម្ហូបរបស់ខ្លួនឈ្មោះថា ខផ្លៅមាន់ និងសាច់ជ្រូកបីជាន់។ ជ័យជម្នះនេះ ក៏ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់វីល្លៀម ព្រោះវាជាជ័យជម្នះលើកដំបូងជាលក្ខណៈឯកត្តជន ក្នុងរដូវកាលទីនេះផងដែរ។

ក្រោយមក វីលៀម បានបន្តយកឈ្នះលើបេក្ខជនទាំង ២១ រូប ជាមួយនឹងម្ហូបឈ្មោះថា ស្រីសាបាក់ឆាជូអែម ក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ដែលមានរយៈពេល ៤៥ នាទី។ ជ័យជម្នះផ្ទួនៗ បានធ្វើឱ្យ Judge Nara, Judge Jessica និង Judge Meng Hy កត់សម្គាល់ចំពោះការព្យាយាមដើម្បីជម្នះលើឧបសគ្គដ៏លំបាក និងកោតសរសើរចំពោះ វីល្លៀម ដែលអាចធ្វើបានយ៉ាងល្អទាំងដែលមើលមិនសូវច្បាស់ពេលប្រកួត។

នៅសប្ដាហ៍បន្ទាប់ វីល្លៀមនឹងទទួលភារកិច្ចជាមេក្រុមលើកដំបូងនៅក្នុងកម្មវិធី MasterChef Cambodia ។ តើក្រុមរបស់វីល្លៀម អាចធ្វើបានល្អកម្រិតណា? ដូច្នេះ រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង