×

ផ្ទុះការរិះគន់ ពិធីមង្គលការកូនប្រុសរបស់មហាសេដ្ឋីឥណ្ឌា ដែលសម្ញែងទ្រព្យសម្បត្តិច្រើនហួសហេតុ

ឥណ្ឌា៖ មហាសេដ្ឋីឥណ្ឌា មូខេស អាំបេនី (Mukesh Ambani) បានរៀបចំពិធីមង្គលការរបស់កូនប្រុស នៅក្នុងទីក្រុងម៉ុមបៃ ត្រូវគេចាត់ទុកថាជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏ឱឡារិក ដែលមានរយៈពេលរហូតដល់ទៅ ៤ថ្ងៃ និងមានការតុបតែងយ៉ាងល្អប្រណិត ដើម្បីត្រៀមទទួលភ្ញៀវកិត្តិយស រួមមានក្រុមរដ្ឋមន្រ្តី និងតារាល្បីៗទាំងក្នុងស្រុកនិងអន្តរជាតិ ដោយរួមមានទាំងតារាហូលីវូដមួយចំនួនផងដែរ ខណៈទីក្រុងម៉ុមបៃ ត្រូវបានស្គាល់ថាជាទីក្រុងដែលមានសំណង់អនាធិបតេយ្យច្រើនជាងគេបំផុតនៅតំបន់អាស៊ី ។

សម្រាប់ពិធីមង្គលការដែលមានកូនកម្លោះឈ្មោះ អាណាន់ អាំបេនី (Anant Ambani) អាយុ ២៩ឆ្នាំ និងកូនក្រមុំឈ្មោះ រ៉ាឌីកា មឺឆាន់ (Radhika Merchant) គឺជាពិធីដ៏អធិកអធមពុំធ្លាប់មានក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងប្រៀបបានជាព្រឹត្តិការណ៍សាធារណៈមួយ ដោយសារតែមានវត្តមានឥស្សរជនសំខាន់ៗជាច្រើន ។

ទីតាំងបរិវេណជុំវិញពិធីមង្គលការទាំងមូល មានការតុបតែងលម្អជាមួយនឹងភ្លើងចម្រុះពណ៌ និងផ្កាពណ៌ក្រហមជាច្រើន ខណៈពិធីមួយនេះត្រូវបានរៀបចំឡើងនៅឯវិមានដ៏ស្កឹមស្កៃរបស់លោកមូខេស អាំបេនី ស្ថិតនៅក្នុងសង្កាត់ Antilia ដែលមានកម្ពស់រហូតដល់ ២៧ជាន់។

ទិដ្ឋភាពដែលមើលទៅហាក់ដូចជាស្ថិតនៅឋានសួគ៌នាពេលនេះ មានភាពផ្ទុយស្រឡះទៅនឹងទិដ្ឋភាពនៅតាមទីតាំងសំណង់អនាធិបតេយ្យជាច្រើនកន្លែងនៅក្នុងទីក្រុងម៉ុមបៃ ដែលជាជម្រករស់នៅរបស់ពលរដ្ឋឥណ្ឌាក្រីក្ររាប់លាននាក់ ។

ពលរដ្ឋឥណ្ឌាមួយចំនួន បានសម្តែងការរិះគន់នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការចំណាយទ្រព្យសម្បត្តិដ៏ច្រើនដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌារូបនេះ ដោយភាពឡូយឆាយទាំងនេះ បានបង្ហាញអំពីគម្លាតគ្នាយ៉ាងខ្លាំងរវាងពលរដ្ឋវណ្ណក្រីក្រ និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងសង្គមរបស់ឥណ្ឌាសព្វថ្ងៃ ។

គួរជម្រាបថា លោក មូខេស អាំបេនី គឺជាអគ្គនាយករបស់ក្រុមហ៊ុន Reliance Industries ជាក្រុមហ៊ុនឯកជនដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា និងមានអាជីវកម្មលើវិស័យផ្សេងៗជាច្រើនដូចជា វិស័យប្រេង គីមីឥន្ធនៈ ឧស្ម័ន វាយនភណ្ឌ និងអាជីវកម្មលក់រាយដទៃទៀត ដែលមានតម្លៃទ្រព្យសកម្មសរុបចំនួន ២១០ពាន់លានដុល្លារអាម៉េរិក ៕

ប្រែសម្រួលពីប្រភព Reuters Connect ដោយ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង