×

ការប្រកួតនៅខាងក្រៅលើកដំបូងរបស់បេក្ខជន MasterChef Cambodia ពោរពេញដោយភាពតានតឹង សម្ពាធ និងផលលំបាកមិនធ្លាប់មាន

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានឈានដល់ដំណាក់កាលថ្មីមួយជាមួយនឹងការប្រកួតនៅខាងក្រៅ ជាក្រុម ជាលើកដំបូង ដែលបានធ្វើឡើងនៅ Grand Phnom Penh Golf Club ដ៏ល្បីល្បាញនិងមានស្ដង់ដារខ្ពស់នៅក្នុងប្រទេសកម្ពុជា។

សប្ដាហ៍នេះបានបង្ហាញពីវិញ្ញាសាជាក្រុមជាលើកទី៣ របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ខណៈបេក្ខជនចំនួន ២០ នាក់ដែលនៅសល់ បានប្រកួតប្រជែងក្នុងបរិយាកាសដ៏តានតឹង សម្ពាធ និងផលលំបាកមិនធ្លាប់មាន។

ទាំងបេក្ខជន វីល្លៀម និង នីតា បានទទួលតំណែងជាប្រធានក្រុមជាលើកដំបូង ដោយ វីល្លៀមបានដឹកនាំក្រុមខៀវ ហើយនីតា បានដឹកនាំក្រហម។ ក្នុងសប្ដាហ៍នេះ ក៏មានភ្ញៀវដ៏ពិសេសចំនួន ២រូប ពោលគឺ Chef ស្រីណុច ដែលជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី២ និង Chef ផានីន ដែលជាបេក្ខជន Top 3 កាលពីរដូវកាលទី១ ដើម្បីចូលខ្លួនមកជួយណែនាំដល់ក្រុមទាំងពីរ។

គណៈកម្មការទាំង៣រូប បានបង្ហាញពីមីនុយ២ផ្សេងគ្នា។ ក្រុមខៀវដែលដឹកនាំដោយវីល្លៀម និងទទួលការណែនាំដោយ Chef ផានីន បានជ្រើសរើស Menu A ដែលមាន ញាំក្រូចខ្លុងជាមួយបង្គារ ជាអាហារសម្រន់ និងសាច់ចៀមសម្រាប់ចម្អិនអាហារចម្បង។ ដូច្នេះ ក្រុមក្រហម ដែលដឹកនាំរបស់នីតា និងមានការជួយណែនាំពី Chef ស្រីណុច មិនមានជម្រើសទេ ពោលគឺទទួលបាន Menu B ដែលមាន សាឡាដទ្រូងទា ជាអាហារសម្រន់ និងបង្កងទឹកសាប ជាអាហារចម្បង។

ក្រុមទាំងពីរ មានរយៈពេល ៤៥ នាទីដើម្បីរៀបចំ និងចម្អិនម្ហូបរបស់ពួកគេ សម្រាប់បុគ្គលិកGrand Phnom Penh Golf Club ចំនួន ៣៩នាក់ ដែលជាការសាកល្បងសមត្ថភាពរបស់ក្រុមនីមួយៗ ក្នុងបម្រើការអាហារដ៏ឈ្ងុយឆ្ងាញ់ និងទាន់ពេលវេលា នៅក្រោមសម្ពាធដែលមិនធ្លាប់មាន។ ទោះបីជាមានការយឺតយ៉ាវបន្តិចក៏ដោយ ក៏ក្រុមក្រហម ទទួលបានជ័យជម្នះដោយទទួលបាន ២៥ សំឡេង ខណៈក្រុមខៀវទទួលបាន ១៤ សំឡេង។

ការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់នីតា និងការណែនាំលម្អិតរបស់ Chef ស្រីណុច បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុមក្រហម។ ចំណែកក្រុមខៀវរបស់ វីល្លៀម ត្រូវប្រឈមនឹងវិញ្ញាសារងសម្ពាធដ៏លំបាក។

វិញ្ញាសាជាក្រុមនៅសប្ដាហ៍នេះ មិនត្រឹមតែបង្ហាញពីការធ្វើម្ហូបរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារសំខាន់នៃការបំពេញការងារជាក្រុម ភាពជាអ្នកដឹកនាំ និងសមត្ថភាពធ្វើការក្រោមសម្ពាធក្នុងទីតាំងថ្មីផងដែរ។

ទស្សនាសប្ដាហ៍ទី៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ឡើងវិញ តាមរយៈវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង