×

ភ្ញៀវពិសេស២រូបរបស់ MasterChef Cambodia សប្ដាហ៍មុន Chef ស្រីណុច និង Chef ផានីន ជួយណែនាំបេក្ខជនប្រកួតលើវិញ្ញាសាជាក្រុម

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានស្វាគមន៍ភ្ញៀវកិត្តិយសដ៏ពិសេសចំនួនពីររូប នៅក្នុងសប្ដាហ៍ទី៨ គឺ Chef ស្រីណុច ម្ចាស់ជ័យលាភីរដូវកាលទី២ និង Chef ផានីន ដែលជាបេក្ខជន Top 3 កាលពីពីរដូវកាលទី១ បានចូលខ្លួនមកជួយដល់បេក្ខជនដែលធ្វើការប្រកួតជាក្រុមនៅខាងក្រៅជាលើកដំបូង នៅទីតាំង Grand Phnom Penh Golf Club ដែលកម្រិតស្ដង់ដាខ្ពស់។

ក្នុងសប្ដាហ៍កន្លងទៅនេះ Chef ស្រីណុច បានធ្វើជាអ្នកប្រឹក្សារបស់ក្រុមពណ៌ក្រហមដែលដឹកនាំដោយ នីតា ។ ចំណែក Chef ផានីន បានជួយក្រុមខៀវរបស់ វីល្លៀម ដែលជាមេក្រុម។ តួនាទីរបស់អ្នកទាំងពីរ គឺមានសារសំខាន់ណាស់ ដោយសារពួកគាត់បានផ្តល់នូវការណែនាំ និងបទពិសោធន៍ជាច្រើន ដើម្បីជួយក្រុមរបស់ខ្លួន។ ខណៈក្រុមខៀវបានជ្រើសរើស Menu A ដែលមានញាំក្រូចខ្លុងជាមួយបង្គា ជាអាហារសម្រន់ និងសាច់ចៀម ជាអាហារចម្បង, ក្រុមក្រហម ទទួលបាន Menu B មានសាឡាដទ្រូងទា ជាអាហារសម្រន់ និងបង្កងទឹកសាបសម្រាប់ធ្វើអាហារចម្បង។

ការណែនាំដ៏ល្អិតល្អន់របស់ Chef ស្រីណុច ជាកត្តាសំខាន់ក្នុងភាពជោគជ័យរបស់ក្រុមក្រហមផងដែរ។ ការយកចិត្តទុកដាក់ និងការផ្តល់ដំបូន្មានល្អៗ បានជួយ នីតា និងក្រុមរបស់នាង ទទួលបានជ័យជម្នះ ជាមួយនឹងការទទួលបាន ២៥ សំឡេងឆ្នោតពីបុគ្គលិក Grand Phnom Penh Golf Club បើធៀបនឹង ១៤ សំឡេងរបស់ក្រុមខៀវ។

នៅក្នុងក្រុមខៀវ ការណែនាំរបស់ Chef ផានីន គឺពិតជាមានតម្លៃ។ ប៉ុន្តែក្រុមរបស់ វីល្លៀម បានប្រឈមមុខនឹងជម្លោះផ្ទៃក្នុង និងការខ្វែងគំនិតគ្នាបន្តិចបន្តួច។ ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏ការគាំទ្ររបស់ Chef ផានីន បានជួយក្រុមឱ្យឆ្លងកាត់ការលំបាកផងដែរ។

ដូច្នេះការចូលរួមរបស់ Chef ស្រីណុច និង Chef ផានីន បានផ្តល់ឱកាសដល់បេក្ខជនទាំងអស់ ក្នុងការរៀនពីវិធីចម្អិនម្ហូបរបស់អតីតបេក្ខជនដ៏ឆ្នើមរបស់ MasterChef Cambodia ។

MasterChef Cambodia មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង