បេក្ខនារី នីតា នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានទទួលជោគជ័យក្នុងការដឹកនាំក្រុមជាលើកដំបូងរបស់ខ្លួន និងបានបង្ហាញពីមហិច្ឆតាក្នុងការបើកភោជនីយដ្ឋានមួយ នាពេលអនាគត។
ក្រោមការចង្អុលបង្ហាញពី Chef ស្រីណុច ដែលជាម្ចាស់ជ័យលាភីពាន MasterChef រដូវកាលទី២ នីតា បានធ្វើបានយ៉ាងល្អក្នុងការដឹកនាំក្រុមពណ៌ក្រហមដែលមានសមាជិក ៩នាក់ យកឈ្នះលើក្រុមខៀវរបស់បេក្ខជន វីល្លៀម។
ភាពជាអ្នកដឹកនាំរបស់នាងត្រូវបានសរសើរដោយសមាជិកក្រុមផងដែរ។ សិលា ដែលជាសមាជិកក្រុមក្រហមបាននិយាយថា៖ “ការដឹកនាំរបស់នីតាគឺល្អ។ គាត់ស្ដាប់យោបល់របស់កូនក្រុម”។
ទោះបីជាក្លាយជាប្រធានក្រុមវ័យក្មេងជាងគេក្នុងរដូវកាលនេះក៏ដោយ ក៏នីតាដែលមានវ័យ ២០ឆ្នាំ បានបង្ហាញពីការដឹកនាំឱ្យសមាជិកទាំងអស់ចេះសហការគ្នា ដែលធ្វើឱ្យក្រុមក្រហមទទួលបានជ័យជម្នះដាច់លើក្រុមពណ៌ខៀវ។
ឆ្លុះបញ្ចាំងពីជ័យជម្នះនេះ នីតា បានបង្ហាញពីមោទកភាពចំពោះខ្លួនឯង និងអរគុណដល់ក្រុមទាំងមូលថា៖ “ទោះបីជាពីមុនខ្ញុំធ្វើមិនបានលេចធ្លោ តែដឹកនាំលើកទីមួយទទួលបានជោគជ័យ ខ្ញុំមានមោទកភាព និងអរគុណដល់កូនក្រុមទាំងអស់”។
ស្របពេលនេះដែរ នីតា បង្ហើបថា នៅថ្ងៃអនាគត ខ្លួនចង់បើកភោជនីយដ្ឋានដែលមានទាំងម្ហូបខ្មែរ និងម្ហូបបរទេស ព្រោះវាជាក្ដីស្រមៃរបស់ខ្លួនយូរណាស់មកហើយ។
ដូច្នេះ តាមដានរឿងរ៉ាវរបស់នីតា នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕