![]()
ជារឿងដ៏គួរឱ្យសោកស្ដាយ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ក្នុងសប្ដាហ៍ទី៩ បេក្ខជន ហៃ ហ្សង់ ដែលជាសំណព្វចិត្តរបស់ហ្វេនៗ ពិសេសការបង្ហាញពីភាពលេចធ្លោរបស់បេក្ខជនរូបនេះកាលពីវគ្គជម្រុះដណ្ដើមអាវអៀមស បានធ្វើឱ្យហ្វេនៗរបស់ហ្សង់មានការសោកស្ដាយមិនស្ទើរ។
នៅសប្ដាហ៍ទី៩នេះ បានបង្ហាញពីការប្រកួតប្រជែងវិញ្ញាសាអាថ៍កំបាំងជាលើកទី៤នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលបេក្ខជនត្រូវបានតម្រូវឱ្យចម្អិនម្ហូបកាលពីកុមារភាព ដែលពោរពេញដោយអនុស្សាវរីយ៍ និងការចងចាំដែលពុំអាចបំភ្លេចបាន។ ថ្វីត្បិតតែម្ហូបរបស់ហ្សង់ក្នុងវិញ្ញាសាដំបូងនេះ បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ក៏ដោយ ក៏វាមិនគ្រប់គ្រាន់ទេក្នុងការជួយសង្គ្រោះហ្សង់ពីការជម្រុះចេញពីកម្មវិធី ក្នុងអំឡុងពេលការប្រកួតប្រជែងវិញ្ញាសាទីពីរឡើយ។
ការប្រកួតម្ហូបច្នៃប្រឌិត ដែលជាវិញ្ញាសាទី២ តម្រូវឱ្យបេក្ខជនទាំងអស់ចម្អិនម្ហូបបែបបស្ចិមប្រទេសដោយគ្រឿងផ្សំគោល ភ្លៅទា ទ្រូងមាន់ និង ក្រួច។ ម្ហូបរបស់ហ្សង់ដែលទទួលបានគ្រឿងផ្សំគោលពីទ្រូងមាន់ ធ្វើមិនទាន់បានល្អនោះទេ ដោយធ្វើឱ្យគាត់ស្ថិតក្នុងដំណាក់កាលជម្រុះចេញ ជាមួយ ដាឡែត និង យូជីញ។ ទោះជាយ៉ាងណាក៏ដោយ នេះជាលើកដំបូងរបស់លោក ហ្សង់ ដែលត្រូវធ្លាក់ដល់ដំណាក់កាលនេះ រហូតត្រូវបានជម្រុះចេញពីកម្មវិធី។

គួររំឭកថា ហ្សង់ទទួលការចាប់អារម្មណ៍ខ្លាំងនៅពេលដែលគណៈកម្មការតម្រូវឱ្យបេក្ខជនពន្លះត្រីឆ្ពង់ កាលពីពេលឈានជើងចូលក្នុងការប្រកួតដណ្ដើមយកអាវអៀមស។ វីដេអូរបស់ ហ្សង់ ទទួលបានការចំនួនអ្នកទស្សនារហូតដល់ទៅ 3.4 M ឯណោះ និងជាវីដេអូកំណត់ត្រាថ្មីជាវីដអូដែលមានចំនួនអ្នកទស្សនាច្រើនបំផុតនៅលើផេកផ្លូវការ MasterChef Cambodia ។ ហ្សង់ ជាបេក្ខជនទី៧ ដែលចាកចេញបន្ទាប់ពី កនរួច សុគន្ធា វណ្ណដូ ឌីណា ស្រីនាង និង រីម៕