×

រំឭកពីដំណើរក្នុងផ្ទះបាយ MasterChef Cambodia របស់ ហ្សង់ ចាប់ពីវគ្គប៊ូតខេម ដល់ការចាកចេញដ៏សោកស្ដាយ

ដំណើរដ៏វែងឆ្ងាយរបស់ ហៃ ហ្សង់ នៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ត្រូវបានបញ្ចប់ត្រឹមសប្ដាហ៍ទី៩។

ក្នុងនាមជាអ្នកចម្អិនតាមផ្ទះដ៏លេចធ្លោម្នាក់ចាប់តាំងពីវគ្គប៊ូតខេម អំឡុងពេលពន្លះត្រី ដែលជាការប្រកួតដណ្ដើមយកអាវអៀមស ហ្សង់ បានក្លាយជាបេក្ខជនជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើនលាននាក់។ ការចាកចេញរបស់ហ្សង់ បានកើតឡើងបន្ទាប់ពីបេក្ខជនដែលមកពីរាជធានីភ្នំពេញរូបនេះ ទទួលបរាជ័យដ៏គួរឱ្យសោកស្ដាយ ដោយសារការធ្វេសប្រហែលតែបន្តិច ទៅលើរសជាតិម្ហូប នៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិតជាលើកទី៤ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។

ក្រឡេងទៅសប្ដាហ៍ដំបូង ហ្សង់ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង អំឡុងពេលប្រកួតដណ្ដើមអាវអៀមសរបស់បេក្ខជន ២៥ នាក់ ដោយបេក្ខជនរូបនេះជាអ្នកដែលខ្លាចរអាចំពោះក្លិនត្រី។ វីដេអូរបស់ហ្សង់ ទទួលបានការចូលទស្សនារាប់លានដង ធ្វើឱ្យវាក្លាយជាវីដេអូដែលបំបែកកំណត់ត្រានៅលើហ្វេសប៊ុកផេកផ្លូវការរបស់ MasterChef Cambodia កាលពីពេលនោះ។

ទោះជាយ៉ាងណា ហ្សង់ គឺជាបេក្ខជនម្នាក់ដែលទទួលបានអាវអៀមស ពីគណៈកម្មការទាំង៣រូប ដែលមាន Judge Nara, Judge Jessica និង Judge Meng Hy កាលពីវគ្គប៊ូតខេម។ ដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia របស់ ហ្សង់ បានបន្តជួបនូវប្រទះនូវរឿងរ៉ាវជាច្រើន មានទាំងពេលសប្បាយរីករាយ ទាំងពេលជួបនូវឧបសគ្គដ៏លំបាក ប៉ុន្តែ ហ្សង់ មិនធ្លាប់ក្លាយជាបេក្ខជនដែលប្រឈមមុខនឹងដំណាក់កាលនៃការជម្រុះចេញពីកម្មវិធីនោះទេ។ ទោះបីជាមិនធ្លាប់ឈ្នះនៅក្នុងវិញ្ញាសាណាមួយជាលក្ខណៈឯកត្តជន ហ្សង់ ក៏មិនមែនជាបេក្ខជនត្រូវប្រកួតលើវិញ្ញាសារងសម្ពាធញឹកញាប់នោះទេ។ ជាក់ស្ដែង ហ្សង់បានរួមចំណែកជាច្រើនក្នុងការជួយដល់បេក្ខជនផ្សេងៗនៅក្នុងគ្រាលំបាក និងការប្រកួតជាច្រើន ដែលហ្សង់ជាបេក្ខជនលេចធ្លោដែលជួយឱ្យក្រុមឈ្នះជាបន្តបន្ទាប់។

យ៉ាងណាមិញគួរឱ្យស្ដាយ ដែលគាត់ត្រូវជម្រុះចេញពីកម្មវិធី នៅសប្ដាហ៍ទី៩ ដោយសារតែការធ្វេសប្រហែលបន្តិចបន្តួច។ ទោះពេលវេលានៅក្នុងការប្រកួតត្រូវបានបញ្ចប់ក៏ដោយ ក៏ដំណើរនៅក្នុងវិស័យម្ហូបអាហាររបស់ហ្សង់ មិនទាន់ចប់នោះទេ។ ទាំង Judges ទាំងអ្នកគាំទ្ររបស់ហ្សង់ សង្ឃឹមថា ហ្សង់នឹងមិនបោះបង់ក្ដីស្រមៃក្នុងវិស័យមួយនេះទេ ហើយនិងបន្តដើរនៅលើវិថីមួយនេះជាបន្តទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង