![]()
ភ្នំពេញ៖ រូបភាពភ្ញាក់ផ្អើលនៃពិធីមង្គលការរបស់ពិធីការិនីល្បីឈ្មោះ ជីមមី ម៉េង ដំបូងឡើយបានធ្វើឱ្យមហាជនមួយចំនួនយល់ថា ជារូបភាពកាត់តព្រោះមិនឃើញសមីខ្លួនផុស ឬមិត្តរួមសិល្បៈបង្ហាញឱ្យដឹងសូម្បីបន្តិច ជាពិសេសពួកគេចាប់អារម្មណ៍ទៅលើឈ្មោះទាំងខាងស្រីទាំងខាងប្រុសមិនដូចអ្វីដែលគ្រប់គ្នាបានស្គាល់ទើបធ្វើឱ្យមានការសន្មត់ថាជារូបភាពកាត់តបែបនេះ។

ជាក់ស្តែង ឈ្មោះដែលបានតាំងឡើងក្នុងថ្ងៃមង្គលរបស់ ជីមមី គឺជាឈ្មោះពិតរបស់អ្នកទាំង ២ដែលមហាជនមួយចំនួនមិនបានដឹង និងខ្លះក៏បានដឹងរួចផងដែរ រីឯឈ្មោះ ជីមមី ដែលគ្រប់គ្នាបានស្គាល់សព្វថ្ងៃនេះគឺជាឈ្មោះហៅក្រៅប៉ុណ្ណោះ។ ការជជែកវែកញែកលើរូបភាពកាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ទីបំផុតស្រីស្អាត ជីមមី បានបង្ហាញវីដេអូក្នុងថ្ងៃនៃពិធីរបស់នាង និងបានបកស្រាយផងដែរ ដោយសារពិធីរបស់នាងធ្វើឡើងជាលក្ខណៈគ្រួសារ និងធ្វើតែកម្មពិធីពេលព្រឹកប៉ុណ្ណោះទើបមិនមានការអញ្ជើញភ្ញៀវណាក្រៅពីគ្រួសារ និងមិត្តជិតស្និទ្ធិ ហើយការរៀបចំនេះក៏មានរយៈពេលត្រឹម ១សប្តាហ៍ផងដែរ។

ជីមមី បានបញ្ជាក់ឱ្យដឹងថា នាងនឹងរៀបចំពិធីពេលល្ងាច និងអញ្ជើញភ្ញៀវចូលរួមនៅពេលក្រោយផងដែរ។ ជីមមី បានបញ្ជាក់ឱ្យដឹងដែរថា មុនពេលរៀបចំពិធីមង្គលតូចនេះឡើង នាង និងស្វាមីបានចុះអេតាស៊ីវិលជាមួយគ្នានៅអាមេរិកតាំងពីឆ្នាំមុនមកម្ល៉េះ និងពិធីមង្គលការតូចរបស់នាងធ្វើឡើងក្នុងរយៈពេលខ្លីដើម្បីឱ្យបានមុនចូលវស្សាប៉ុណ្ណោះ៕
