
ប្រេស៊ីល៖ ក្រុមហ៊ុនផលិតយន្តហោះអគ្គិសនីអ៊ីវី (Eve) គ្រប់គ្រងដោយក្រុមហ៊ុនអ៊ែមប្រ៊េ (Embraer) របស់ប្រេស៊ីល បានដាក់បង្ហាញនូវគំរូពេញលេញរបស់ “តាក់ស៊ី” ហោះជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយក្រុមវិនិយោគិន និងអតិថិជននៅឯរោងចក្រ ហ្គាវីយ៉ាវ ផេយសូតូ (Gaviao Peixoto) ខណៈក្រុមហ៊ុនមានគោលបំណងដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងអាចបម្រើសេវាកម្មនៅឆ្នាំ ២០២៦។

ក្រុមហ៊ុន Eve គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូទាំងពិភពលោក ដែលកំពុងអភិវឌ្ឍយន្តហោះដើរដោយថាមពលថ្ម ដែលអាចហោះហើរ និងចុះចតដោយបញ្ឈរ (ឧទាហរណ៍ដូចជាការចុះចតនៅលើដំបូលអគារជាដើម) សម្រាប់អ្នកធ្វើដំណើរក្នុងរយៈចម្ងាយខ្លី និងបញ្ចៀសពីការកកស្ទះចរាចរណ៍ ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន Reuters នាយកប្រតិបត្តិលោក យ៉ូហាន បូដេយ (Johann Bordais) បានប្រាប់ថា ក្រុមហ៊ុន Eve រំពឹងថា នឹងហោះហើរគំរូដើមសាកល្បង នៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២៥ បន្ទាប់ពីចាប់ផ្តើមហោះហើរសាកល្បងរួចរាល់ អំឡុងខែកក្កដានេះ ។ គំរូយន្តហោះអគ្គសនីចុងក្រោយ នឹងអាចផ្ទុកអ្នកដំណើរចំនួន ៤ នាក់ និងអ្នកបើកបរម្នាក់ ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eve បានបញ្ជាក់ដែរថា ក្រុមហ៊ុនរង់ចាំមួយជំហានទៀត ដើម្បីទទួលបានការបញ្ជាក់ ហើយរំពឹងថាគំរូចំនួន ៥ របស់ខ្លួន នឹងសម្រេចបាននូវសេវាកម្មហោះហើរនៅឆ្នាំ ២០២៦ ក្រោយដាក់ពាក្យស្នើសុំការបញ្ជាក់ទទួលស្គាល់ ទៅកាន់និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ ២០២២ ។ ក្រុមហ៊ុនក៏បានដាក់ក្តីរំពឹងចំពោះសក្តានុភាពនៃការបញ្ជាទិញថែមទៀតផង៕