បន្ទាប់ពីការចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ហៃ ហ្សង់ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញអំពីមិត្តភាពដ៏ជ្រាលជ្រៅដែលគាត់បានបង្កើតអំឡុងពេលប្រកួត។
នៅក្នុងការបង្ហោះរបស់គាត់ ហ្សង់ បានសរសេរថា៖ “មិត្តភក្តិល្អ និងបងប្អូន នៅ MasterChef” ជាមួយនឹងរូបថតជាមួយបេក្ខជន និងបេក្ខនារី ៤រូប គឺ លីនដា ឌីណា រចនា និងដាឡែត។
ការចាកចេញរបស់ហ្សង់ គឺជាពេលវេលាដ៏គួរឱ្យសោកស្ដាយមួយសម្រាប់ទស្សនិកជន ពិសេសអ្នកគាំទ្រហ្សង់ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣។ ទោះបីជាមិនបានឈ្នះពានក៏ដោយ ក៏ ហ្សង់ បានបង្កើតទំនាក់ទំនងដ៏ល្អជាមួយបេក្ខជនដទៃទៀត នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ។
ការបង្ហោះរបស់ហ្សង់ គឺជាការបង្ហាញថា MasterChef Cambodia មិនត្រឹមតែផ្ដល់ឱកាសដល់បេក្ខជនបានចូលរួមប្រកួតដណ្ដើមពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសសម្រាប់ការកសាងមិត្តភាពយូរអង្វែង ទោះស្ថិតក្នុងការប្រកួតប្រកួតកម្រិតខ្ពស់ក៏ដោយ។
បន្ទាប់ពីការចាកចេញរបស់ ហ្សង់ ផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ នៅសល់បេក្ខជនតែ ១៨ រូបប៉ុណ្ណោះ។ តើបេក្ខជនរូបណាទៀត នឹងត្រូវជម្រុះចេញពីកម្មវិធីនៅសប្ដាហ៍ទី១០ខាងមុខនេះ? ដូច្នេះ កុំភ្លេចតាមដាន នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងហ្វេសប៊ុកនិងយូធូប MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕